FC Barcelona សម្រេចបញ្ចប់កិច្ចសន្យាជាមួយលោក Ernesto Valverde ក្រោយពីបានបំពេញភារកិច្ចចំនួន២ឆ្នាំកន្លះ
(BC-99)
ទីបំផុតពាក្យអុជអាលអោយមានការបណ្តេញលោក Ernesto Valverde ពីតំណែងគ្រូបង្វឹករបស់ក្លិប FC Barcelona បានក្លាយជាការពិតហើយក្រោយពីក្លិបអ្នកមានមួយនេះបានចេញសេចក្តីប្រកាសជាផ្លូវការណ៍កាលពីប៉ុន្មានម៉ោងមុននេះ។
បើទោះជាពីររដូវកាលកន្លងទៅលោក Valverde បានជួយអោយ Barcelona ឈ្នះពាន La Liga បានពីរដងក៏ដោយក៏ក្រុមគណគ្រប់គ្រងក្លិបចង់ឃើញក្រុមអ្នកមានបុណ្យមានការរីកចម្រើនជាងនេះទៀតជាពិសេសនៅរដូវកាលនេះតែម្តង។ គិតត្រឹមសប្តាហ៍ទី១៩ ពិតមែនតែ FC Barcelona កំពុងឈរលើកំពូលតារាងក៏ពិតមែន តែការភ្លាត់ស្នៀតមានចាញ់និងស្មើបានធ្វើអោយគូប្រជែង El Classico បានតាមទាន់៤០ពិន្ទុចាញ់ចំនួនគ្រាប់ស៊ុតតែប៉ុណ្ណោះ។
នៅមុនការបណ្តេញចេញពីមុខតំណែងប៉ុន្មានថ្ងៃមុននេះ បុរសវ័យ៥៥ឆ្នាំត្រូវបានចោទសួរដោយសារព័ត៌មានសព្វទិសទី ហើយលោកក៏បានឆ្លើយដែរថាលោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីទទួលខុសត្រូវប្រសិនបើលោកពុំមានសមត្ថភាពគ្រប់គ្រងក្លិបអោយបានល្អទេនោះ។
ជាចុងក្រោយ FC Barcelona បានប្រកាសតែងតាំងអតីតអ្នកចាត់ការទូរទៅរបស់ Real Betis លោក Quiqe Setien មកជំនួសតំណែងនេះវិញលើកិច្ចសន្យាពីពេលបច្ចុប្បន្នដល់ឆ្នាំ២០២២។