មកស្គាល់កីឡាករគុនខ្មែរ៦រូបដែលធ្លាប់ឈ្នះខ្សែក្រវ៉ាត់២ដងក្នុងកម្មវិធីតែមួយ
បច្ចុប្បន្ននេះវិស័យគុនខ្មែរកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង ក្រៅពីការប្រកួតយ៉ាងមមាញឹកក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញថាសង្វៀននៅតាមបណ្តាខេត្តមួយចំនួនក៏ចាប់ផ្តើមលិចរូបរាងជាបណ្តើរៗផងដែរ ដូចជាសង្វៀនស្រុកឯកភ្នំនៅខេត្តបាត់ដំបងប្រកួតរៀងរាល់សប្តាហ៍ សង្វៀនគុនខ្មែរខេត្តសៀមរាបក៏ប្រកួតរៀងរាល់សប្តាហ៍ សង្វៀនគុនខ្មែរនៅខេត្តបន្ទាយមានជ័យយូរៗទើបឃើញប្រកួតមុ្តង និង សង្វៀនគុនខ្មែរនៅខេត្តកោះកុងក៏យូរៗឃើញមានសកម្មភាពម្តងៗផងដែរ ក្រៅពីនោះនៅតាមបណ្តាខេត្តផ្សេងៗទៀតក៏មានការប្រកួតយូរៗម្តងដូចគ្នា ពិសេសនៅក្នុងកម្មវិធីបុណ្យទានមួយចំនួននៅក្នុងវត្ត។ល។
តែបើយើងនិយាយអំពីសង្វៀនគុនខ្មែរក្នុងរាជធានីភ្នំពេញវិញគឺរីកដូចផ្សិត ដោយសប្តាហ៍ខ្លះសឹងតែរកកីឡាករប្រកួតអន្តរជាតិមិនបាន ហើយបើនិយាយអំពីកីឡាករវិញតាមស្ថានីយ៍ទូរទស្សន៍ដែលមានរៀបចំការប្រកួតរៀងរាល់សប្តាហ៍គឺដណ្តើមយកកីឡាករពីគ្នាទៅវិញទៅមក ហេតុដូចនេះធ្វើឲ្យកីឡាករខ្លះត្រូវឡើងសង្វៀនប្រកួតស្ទើររាល់សប្តាហ៍ ហើយបើនិយាយអំពីការប្រកួតដណ្តើមខ្សែក្រវ៉ាត់វិញគឺភាគច្រើនមុខដដែរៗ។ ថ្ងៃនេះ MSR SPORT សូមលើកយកកីឡាករគុនខ្មែរមួយចំនួនដែលឡើងប្រកួតដណ្តើមខ្សែក្រវ៉ាត់ក្នុងពេលបច្ចុប្បន្ននេះដែលធ្លាប់ប្រកួតឈ្នះខ្សែក្រវ៉ាត់ឌុបមកបរិយាយជូនបងប្អូន ហើយក៏សូមអធ្យាស្រ័យទុកជាមុនបើរៀបរាប់មិនអស់ព្រោះ Admin អាចមានចន្លោះប្រហោងខ្លះ។
សម្រាប់កីឡាករដែលធ្លាប់ឈ្នះខ្សែក្រវ៉ាត់ឌុបមានដូចជា៖ ១- កីឡាករកណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ កូនសិស្សរបស់លោកគ្រូ ឈិន ក្វាន់ចៃ (ឈ្នះខ្សែក្រវ៉ាតគោលជល់២ដង) ២- ប៉ោ ភារិទ្ធ ហៅ យ៉េន ឌីណា កូនសិស្សរបស់លោកគ្រូ អេ ភូថង (ឈ្នះខ្សែក្រវ៉ាត់គោលជល់២ដង) ៣- ផល សោភ័ណ្ឌ របស់លោកគ្រូតា ញ៉ូវ ម៉ាក់ (ឈ្នះខ្សែក្រវ៉ាត់ខារ៉ាបាវ២ដង) ៤-ឡៅ ចន្រ្ទា កូនសិស្សរបស់លោកគ្រូ ហង្ស សឿន (ឈ្នះខ្សែក្រវ៉ាតលីអូ២ដង) ៥-ឡៅ ចិត្រា កូនសិស្សរបស់លោកគ្រូ ហង្ស សឿន (ឈ្នះខ្សែក្រវ៉ាត់ ISI Palm ២ដង គឺខ្សែក្រវ៉ាត់ប្រាក់ និងខ្សែក្រវ៉ាត់មាស) ៦- ប៊ុន សុធា កូនសិស្សរបស់លោកគ្រូ ធន់ សុភា (ឈ្នះខ្សែក្រវ៉ាត់ កូបូតា២ដង)…៕