ម្ចាស់ស្បែកជើងមាស វឿន សុថាន ជាប់បញ្ជីជម្រើសជាតិបាល់ទាត់នារី
កីឡាការនី វឿន សុថាន មកពីសមាគមនៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំងដែលបានទទួលស្បែកជើងមាសពីសហព័ន្ធបាល់ទាត់នារីកម្ពុជាក្នុងការរកគ្រាប់បានច្រើនជាងគេក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារីឆ្នាំ២០១៩ ដែលរៀបចំឡេីងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជាប់ក្នុងបញ្ជីឈ្មោះជម្រើសជាតិបាល់ទាត់នារីរបស់កម្ពុជាក្នុងការប្រមូលផ្តុំហ្វឹកហាត់ត្រៀមខ្លួនការប្រកួតពានរង្វាន់អន្តរជាតិនានាក្នុងឆ្នាំ២០២០ ។
កីឡាការនី វឿន សុថាន ក្រោយពីបានឈ្នះពានរង្វាន់ស្បែកជើងមាសក្នុងព្រឹត្តិការណ៍នេះទទួលបានប្រាក់រង្វាន់១០ម៉ឺនរៀល កាលពីពេលថ្មីៗនេះមានការជួយឧបត្ថម្ភជាថវិការបន្ថែមមួយចំនួនផងដែរ បន្ទាប់ពីមានការរិះគន់របស់អ្នកគាំទ្រ មួយចំនួនថា ប្រាក់រង្វាន់ដែលរូបនាងទទួលបានមិនសាកសមទៅនឹងសមត្ថភាពរបស់រូបនាងដែលខិតខំក្នុងការប្រកួត ។
សូមបញ្ជាក់ថា ក្រោយពីរៀបចំការប្រកួតជម្រើសជើងឯកបាល់ទាត់នារីឆ្នាំ២០១៩ នៅទីលាន មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ខេត្តតាកែវ ដែលបានបញ្ចប់កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ សហព័ន្ធបាល់ទាត់បានជ្រើសរើសបានកីឡាការិនីចំនួន៥៩ នាក់មកធ្វើការហ្វឹកហាត់ទាំងនៅក្នុងស្រុកនិងត្រៀមទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀមការប្រកួតពានរង្វាន់អន្តរជាតិនានាក្នុងឆ្នាំ២០២០ នេះ ។