រកមុខអ្នកដើរចែកខ្សែលោតអន្ទាក់ឃើញហើយ តាមពិតគាត់គឺជាម្ចាស់រងជើងឯកគុនខ្មែរវគ្គ១របស់ CTN
មួយរយៈនេះ MSR SPORT សង្កេតឃើញមានក្លឹបប្រដាល់គុនខ្មែរមួយចំនួនបានបង្ហោះអរគុណដល់សប្បុរសជនម្នាក់ ដែលដើរចែកខ្សែលោតអន្ទាក់ធ្វើដោយដៃផ្ទាល់ជូនដល់ក្លឹបមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយទីបំផុត MSR SPORT ក៏បានជួបលោកផ្ទាល់ គ្រាដែលក្រុមការងារបានចុះទៅថតក្លឹបខ្លារខិនមានរិទ្ធ។
តាមពិតបុរសម្នាក់នោះគឺជាអតីតម្ចាស់ជើងឯករងក្នុងកម្មវិធី ជើងឯកគុនខ្មែរវគ្គ១របស់ស៊ីធីអិន កាលពីជាង១០ឆ្នាំមុន គឺអតីតគុនខ្មែរ អេ កុសល ធ្លាប់ហ្វឹកហាត់ក្នុងក្លឹបអេភូថងកីឡា។ ក្នុងកិច្ចសំភាសន៍ជាមួយ MSR SPORT អេ កុសល បានរៀបរាប់ថា៖ ទោះបីជាអស់និស្ស័យឡើងសង្វៀនប្រកួតក៏ពិតមែន តែរូបលោកនៅតែទៅណាមិនឆ្ងាយពីគុនខ្មែរនោះដែរ ផ្ទុយមកវិញក្នុងនាមជាជាងចម្លាក់ឈើមួយរូបលោកបាននឹកឃើញច្នៃដុំឈើតូចៗបូកជាមួយនិងបំពង់ជ័រមកធ្វើជាខ្សែលោតអន្ទាក់ ដើម្បីជូនដល់កីឡាករនិងក្លឹបដែលខ្វះខាត់របស់មួយនេះ។ អតីតកីឡាករ អេ កុសល ក៏បាននិយាយប្រាប់បន្ថែមទៀតថា វត្ថុធាតុដើមចំណាយតែជាង១ម៉ឺនរៀលប៉ុណ្ណោះ ដូច្នេះលោកបានធ្វើខ្សែលោតអន្ទាក់ដែលចេញពីដៃផ្ទាល់របស់លោកចំនួន២០០អន្ទាក់ ដើម្បីចែកជូនដល់ក្លឹបហ្វឹកហាត់គុនខ្មែរ ព្រោះបើទិញនៅទីផ្សារវាអាចមានតម្លៃថ្លៃជាងនេះ និងមិនអាចប្រើប្រាស់បានយូរអង្វែងនោះទេ។
ជាបន្តសូមបងប្អូនទស្សនិកជនទាំងអស់ដែលគាំទ្រ Page និង Youtube MSR SPORT សូមទស្សនាវីដេអូទាំងស្រុង ដែលលោក យ៉េន ម៉ៅ សំភាសន៍ផ្ទាល់ជាមួយ អេ កុសល នៅខាងក្រោមនេះ…