មហាសេដ្ឋីជាតិអាមេរិចម្នាក់មានបំណងទិញក្លិបតោខៀវ Chelsea ពីលោក Roman Abramovich
(BC-99)
មហាសេដ្ឋីផ្នែកជំនួញរបស់អាមេរិក Todd Boehly ដែលទ្រព្យសម្បត្តិចំនួន ៤.៧២ពាន់លានផោនត្រូវបានគេរាយការណ៍ថាមានបំណងចង់ទិញក្លិបតោខៀវ Chelsea ពីលោក Roman Abramovich ក៏ប៉ុន្តែការប៉ុនបងនេះបានបរាជ័យទៅវិញហើយ ។
អ្នកជំនួញជនជាតិអាមេរិចអាយុ ៤៦ ឆ្នាំ Todd Boehly ត្រូវបានគេអះអាងថាបានប៉ុនប៉ងដើម្បីទិញយកក្លិបបាល់ទាត់តោខៀវយកមកកាន់កាប់ ក៏ប៉ុន្តែការដាក់តម្លៃរបស់គាត់មិនបានធ្វើអោយមហាសេដ្ឋីរុស្ស៊ីនិងជាម្ចាស់ក្លិប Chelsea លោក Roman Abramovich មានការចាប់អារម្មណ៍នោះទេ។ កាសែត The Financial Times បានធ្វើការបរិយាយនៅក្នុងការផ្សាយរបស់ខ្លួននៅថ្ងៃនេះថា លោក Roman Abramovich បានឆ្លើយតបទៅកាន់លោក Boehly ដែលជាសហម្ចាស់ក្លិបបាល់បោះ Los Angeles Dodgers ថាលោកពុំចាប់អារម្មណ៍និងសំណើរក្នុងការទិញក្លិបរបស់លោកឡើយ។
ប្រធានក្លឹបតោខៀវលោក Bruce Buck បាននិយាយថាលោក Abrahmovich មិនមានបញ្ហាអ្វីត្រូវលក់ក្លិបទៅអោយអ្នកផ្សេងនោះទេ លោកបានសង្កេតឃ់ញថាម្ចាស់ក្លិបរូបនេះកំពុងតែមានការពេញចិត្តចំពោះការដឹកនាំដោយលោក Frank Lampard ជាខ្លាំង។
តែបើផ្អែកទៅលើសារព័ត៌មានទីផ្សារភាគហ៊ុន The Wall Street Journal របស់សហរដ្ឋអាមេរិចឯណោះវិញបានលើកឡើងថា គូភាគីទាំងពីរកំពុងតែធ្វើការចរចារគ្នាជាបន្តទៀត ព្រោះការបដិសេធគ្រាន់តែជាចេតនាចង់បានតម្លៃកាន់តែសមស្របណាមួយតែប៉ុណ្ណោះ។
ហើយបើតាមការអះអាងបន្ថែមបានអោយដឹងថាម្ចាស់ក្លឹបតោខៀវ Chelsea បច្ចុប្បន្ននឹងយល់ព្រមលក់ក្លិបនេះភ្លាមប្រសិនបើលោក Todd Boehly ហ៊ានអោយដល់តម្លៃ ៣ពាន់លានផោន។