ក្រោយផ្តួលដៃគូត្រឹមទឹក១ កីឡាការិនីគុនចម្រុះខ្មែរអាមេរិក ឯម សុវណ្ណារី ប្រកួតនៅ One Championship ជាលើកទី២
កីឡាការិនីគុនចម្រុះខ្មែររស់នៅសហរដ្ឋអាមេរិក ឯម សុវណ្ណារី នឹងធ្វើការប្រកួតនៅព្រឹត្តិការណ៍ MARK OF GREATNESS ដែលរៀបចំឡើងដោយស្ថាប័ន One Championship នាថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩ នាប្រទេសម៉ាឡេស៊ី ដោយត្រូវតទល់ជាមួយកីឡាការិនីរបស់ប្រទេសប្រេស៊ីល RAYANE ។
កីឡាការិនីដែលមានម្តាយជាខ្មែរហើយរូបនាងបានកើតនៅសហរដ្ឋអាមេរិក រូបនេះមានបទពិសោធប្រកួត MMA ចំនួន ៣ ដងឈ្នះទាំងអស់និងប្រកួតចុងក្រោយបានផ្តួលកីឡាការិនី អ៊ុយក្រែន Kyselova ត្រឹម ៨១ វិនាទី ក្នុងព្រឹត្តិការណ៍ One Championship កាលពីខែ កក្កដា ឆ្នាំ ២០១៨ នាទីក្រុង កូឡាឡាំពួ ។ ចំណែកដៃគូរបស់ សុវណ្ណារី មានឈ្មោះថា RAYANE ជនជាតិ ប្រេស៊ីលប្រកួត MMA ចំនួន ៤ដង ឈ្នះ៣និងស្មើម្តង ។
ក្រៅពីការប្រកួតរបស់កីឡាការិនីកម្ពុជារូបនេះនៅមានការប្រកួតដណ្តើមខ្សែក្រវាត់ Kickboxing ចំនួនពីរគូផងដែរក្នុងកីឡាករថៃ សាមអេ ប៉ះកីឡាករចិន វាំង ជុនហ្គាំង និងកីឡាកររុស្សី ហ្សាម៉ាណារុស ប៉ះកីឡាករចិន ហ្សែន ឈិនឡុង ។
ការប្រកួតទាំងអស់នេះស្ថានីយ៍ទូរទស្សន៍ CTN នឹងធ្វើការផ្សាយបន្តផ្ទាល់ចេញពីទីក្រុង កួឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីម៉ោង ៧ និង ១៥ នាទីយប់តទៅ ៕