ក្រុមកាំភ្លើងធំ Arsenal ផ្តល់ឱកាសឱ្យលោក Unai Emery ចំនួន ៤ ប្រកួតដើម្បីសង្គ្រោះតំណែងរបស់ខ្លួន
(BC-99)
លោក Unai Emery គ្រូបង្វឹកក្រុមកាំភ្លើងធំត្រូវបានគណកម្មការគ្រប់គ្រងវិបត្តិរបស់ក្លិបផ្តល់ឱកាសអោយចំនួនបួនប្រកួតដើម្បីសាងភាពទុកចិត្តដល់ពួកគេថាលោកនៅតែជាមនុស្សដែលសក្តិសមសម្រាប់ដឹកនាំក្រុម Arsenal។
ស្ថានភាពរបស់អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញមិនមានភាពប្រាកដប្រជាឡើយនិងបានស្ថិតនៅក្រោមការត្រួតពិនិត្យដ៏តឹងរឹងនៅក្នុងប៉ុន្មានសប្តាហ៍នេះក្រោយពីក្រុមកាំភ្លើងធំ Arsenal ឈ្នះតែបីលើកប៉ុណ្ណោះក្នុងចំណោមការប្រកួតក្នុងក្របខណ្ឌកំពូល Premier League ៩លើកចុងក្រោយ។ ការប្រកួតស្មើ ១-១ កាលពីថ្ងៃសៅរ៍ជាមួយនឹងក្រុម Wolves បានធ្វើអោយ Arsenal ឋិតនៅចំណាត់ថ្នាក់ទី៥និងចាញ់៦ពិន្ទុតាមពីក្រោយក្រុមលេខ៣ Leicester City និងលេខ៤ Chelsea ។
ស្របពេលដែលមានដំណឹងលេចឮថាក្លិបកំពុងតែបើកកិច្ចពិភាក្សាជាមួយលោក Jose Mourinho ជុំវិញការជំនួសលោក Emery ក្រុមនេះក៏នឹងត្រូវប្រកួតជាមួយក្រុមដែលកំពុងតែឡើងជើង Leicester City នៅឯកីឡដ្ឋាន KingPower នាចុងសប្តាហ៍ក្រោយនេះដែរ ហើយនេះក៏ជាសំពាធមួយបន្ថែមទៀតដែលបង្ខំអោយ Unai Emery ត្រូវតែជំនះវាអោយបានបន្ទាប់ពីលោកត្រូវដឹកនាំក្រុមទៅប្រកួតក្របខណ្ឌពានរង្វាន់ EUROPA League នៅក្នុងទឹកដីរបស់ក្រុម Victoria SC នាប្រទេសព័រទុយហ្គាល់ និងបន្តទៅប្រកួតជាមួយ Southampton នៅពេលពួកគេត្រូវប្រកួត EUROPA League សារជាថ្មីជាមួយក្រុម Eintracht នាទីក្រុឡុងដ៍។
មិនទាន់មានប្រតិកម្មណាមួយចេញពីលោក Unai Emery ចំពោះរឿងនេះនៅឡើយទេ ក៏ប៉ុន្តែបើតាមការវិភាគរបស់អ្នកជំនាញបានធ្វើការគូសបញ្ជាក់ថា ត្រឹម៤ប្រកួតខាងលើនេះប្រហែលជាមិនអាចធ្វើអោយមានមហន្តរាយដល់តួនាទីរបស់លោក Emery នៅក្នុងក្លិបកាំភ្លើងធំ Arsenal នោះឡើយក្នុងករណីដែលក្រុមកីឡាកររបស់ពួកគេលេងអោយអស់ចេញពីឆន្ទៈរបស់ខ្លួន។