Pedro ចាប់ផ្តើមមិនសប្បាយចិត្តជាមួយ Chelsea បន្ទាប់ពី Frank Lampard មិនសូវគិតគូរដល់ខ្លួន
(BC-99)
Pedro Rodriguez ខ្សែបម្រើស្លាបរបស់ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាកំពុងមានការមិនសប្បាយចិត្តកាន់តែខ្លាំងឡើងនៅឯក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុង ឡុងដ៍ បន្ទាប់ពីរូបគេបានបាត់បង់កន្លែងលេងក្នុងនាមជាជម្រើស១១នាក់ដំបូងដែលនេះវាបានបណ្តាលមកពីអ្នកចាត់ការថ្មី Frank Lampard មិនអើពើចំពោះគេ។
បន្ទាប់ពីបានចូលរួមប្រកួតចំនួន២លើកដំបូងនៅដ់មរដូវកាលដោយបានប៉ះជាមួយក្រុមបិសាចក្រហម Manchester United និង Leicester City កីឡាករដែលជួយអោយអេស្ប៉ាញឈ្នះពានរង្វាន់ពិភពលោកបានចំណាយពេលអង្គុយលើកៅអីបម្រុងចំនួន៦ប្រកួតពេញនៅលីគកំពូលអង់គ្លេស។ គេឃើញ Mason Mount និង Willian ត្រូវបានលោក Lampard ផ្តល់ឱកាសអោយបានចូលរួមជាមួយក្រុមក្នុងខណៈពេលដែលការវិលត្រឡប់ទៅរកភាពរឹងមាំរបស់ Callum Hudson-Odoi បានបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងថែមទៀតអោយ Pedro។
នៅក្នុងការប្រកួតចុងក្រោយរបស់ Chelsea ដែលបានឈ្នះ ៤-១ លើក្រុម Southampton គេមិនបានឃើញឈ្មោះ Pedro នៅក្នុងក្រុមឡើយដោយបានជំនួសមកវិញជា Hudson-Odoi ជាជម្រើស១១នាក់ដំបូងនិង Christian Pulisic នៅលើកៅអីបម្រុង។ ជាក់ស្តែងក្នុងជំនួប Chelsea ធ្វើជាម្ចាស់ផ្ទះប្រកួតជាមួយ Newcastle នៅសប្តាហ៍ទី៩នេះក៏គេនៅតែមិនឃើញឈ្មោះ Pedro ឋិតនៅក្នុងបញ្ជីដដែល។
បើយោងតាមកាសែតកីឡាអេស្ប៉ាញបានសរសេរថា Pedro កើតមានការមិនសប្បាយចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់គេ ហើយគេលែងមានអារម្មណ៍ល្អនៅក្នុងប្រទេសអង់គ្លេសទៀតហើយ គេអាចនិងចាកចេញពី Stamford Bridge មុនកាលកំណត់។ ហើយអ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ថែមទៀតនោះគឺបុរសវ័យ៣២ឆ្នាំនេះបានបញ្ជូនមិត្តស្រីនិងកូន៣នាក់របស់ពួកគេអោយវិលត្រឡប់ទៅប្រទេសអេស្ប៉ាញវិញហើយ។