Robbie Savage និយាយថាក្រុមបិសាចក្រហម Manchester United គួរតែចម្លងក្បួនលេងពី Liverpool
(BC-99)
ក្រុមបិសាចក្រហម Manchester United គួរតែមានកីឡាករជួរមុខដែលពោរពេញទៅដោយភាពរឹងមាំដូចជាក្រុម Liverpool ទើបអាចស្តារមុខមាត់របស់ខ្លួនបានវិញនេះបើយោងតាមសម្តីរបស់ Robbie Savage ដែលជាអតីតយុវជនថ្នាលរបស់ Man Utd ។
ក្រុមបិសាចក្រហមចាប់តាំងពី Sir Alex Ferguson បានចាកចេញទៅបានចំណាយលុយជិតមួយពាន់លានផោនហើយក្នុងទិញយកកីឡាករដែលពួកគេយល់ថាអាចជួយអោយក្រុមឈ្នះជើងឯកជាបន្តទៀតបាន ក៏ប៉ុន្តែពួកគេបែជាគិតខុសដោយសារតែក្រុម Man Utd មិនទាន់បានឈ្នះជើងឯក Premier League ម្តងទៀតទេបើរាប់តាំងពីរដូវកាលឆ្នាំ២០១៣កន្លងមក។
នាពេលថ្មីៗនេះមានព័ត៌មានលេចឮថាលោក Ole Gunnar Solskjaer នឹងទទួលបានទឹកប្រាក់ប្រមាណជា៣០០លានផោនដើម្បីយកមកទិញកីឡាករពង្រឹងក្រុមក្នុងខណៈពេលដែលអតីតកីឡាកររបស់ក្រុមមួយនេះតែងតែធ្វើការណែរនាំអោយ Ole ទិញយកកីឡាករមួយនេះមួយនោះដែលខ្លួនយល់ថាល្អ។ ដោយឡែកអតីតកីឡាកររបស់ក្រុម Blackburn Rover Robbie Savage ឯណោះវិញក៏បានចេញមុខធ្វើការណែរនាំដល់អ្នកចាត់ការទូទៅសញ្ជាតិណ័រវេយ៍ផងដែរ។
ខុសពីអ្នកដ៏ទៃដែលបានផ្ញើសារណែរនាំដល់ Ole លោក Savage បាននិយាយថាកីឡាករក្រុមបិសាចក្រហមនាពេលបច្ចុប្បន្នហាក់ដូចជាមានភាពច្របូកច្របល់ណាស់។ លោកបានលើកជាយោបល់អោយក្រុម Man Utd ចម្លងការលេងពី Liverpool ជាពិសេសរកកីឡាករខ្សែប្រយុទ្ធអោយបានខ្លាំងដូចជាហង្សក្រហមដែរ។ លោកបានបន្តថា បិសាចក្រហមមិនអាចកប់ប្រវត្តិសាស្ត្ររបស់ខ្លួននៅត្រឹមនេះបានទេ មានវិធីសាស្ត្រច្រើនណាស់ដើម្បីស្តារកិត្យានុភាពក្រុមឡើងវិញ។
គួរបញ្ជាក់ថានាពេលបច្ចុប្បន្ននេះកូនប្រុសរបស់ Savage ក៏កំពុងតែបំពេញតួនាទីជាមួយក្រុមយុវជនថ្នាលបិសាចក្រហម Manchester United ដូចជាឪពុកខ្លួនកាលនៅវ័យក្មេងផងដែរ។