Gnabry ស៊ុតបាន៤គ្រាប់លើ Spurs កាលពីយប់ម៉ិញធ្វើអោយអ្នកគាំទ្រ Arsenal ស្តាយក្រោយដែលក្លិបបានលក់រូបគេទៅ អាឡឺម៉ង់
(BC-99)
អ្នកគាំទ្ររបស់ក្រុម ARSENAL បានធ្វើការកត់សម្គាល់លើការចំណាយប្រាក់ ៧២ លានផោនរបស់ក្រុមខ្លួនក្នុងការទិញយកកីឡាករ Nicolas Pepe នៅរដូវកាលនេះដោយបានប្រៀបធៀបទៅនិងការលក់ Serg Gnabry ក្នុងតម្លៃត្រឹមតែ ៥ លានផោនប៉ុណ្ណោះអោយក្លិប Werder Bremen នៅឆ្នាំ ២០១៦ ហើយកាលពីយប់ថ្ងៃអង្គារនេះក្នុងនាមជាកីឡាកររបស់ Bayern Munich Gnabry បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ទៅលើក្រុម Tottenham Hotspur។
បន្ទាប់ពីបានជួយអោយក្រុម Bayern Munich យកឈ្នះដោយលទ្ធផលសរុប ៧-២ លើក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur ក្នុងការប្រកួតសន្សំពិន្ទុក្នុងក្របខណ្ឌ UEFA Champions League រួចមកអតីតកីឡាករកាំភ្លើងធំ Serg Gnabry ក៏បានសរសេរក្នុង Tweeter របស់ខ្លួនថា “ទីក្រុង London ភាគខាងជើងគឺពណ៌ក្រហម”។ អត្ថន័យរបស់គេអាចមានន័យ២ផ្សេងពីគ្នាគឺ ទីក្រុង London ភាគខាងជើងមានតែក្រុមពណ៌ក្រហម Arsenal ទេដែលមានប្រជាប្រិយ៍ភាពជាងគេលើផ្នែកបាល់ទាត់ ឬក៏ន័យម្យ៉ាងទៀតគឺទីក្រុង London ភាគខាងជើងក្រុមដែលខ្លាំងគឺមិនមែនទាំង Spurs មិនមែនទាំង Arsenal តែជាក្រុមពណ៌ក្រហមមកពីប្រទេសអាឡឺម៉ង់គឺ Bayern Munich ព្រោះពួកគេធ្លាប់ប្រកួតឈ្នះក្រុមទាំងពីរនៅទីក្រុង London ភាគខាងជើងនេះ។
ជាមួយគ្នានេះដែរក្រុមអ្នកគាំទ្រ Arsenal ក៏បានសម្តែងការសោកស្តាយដែល Arsenal បានលក់កីឡាករអាឡឺម៉ង់នេះទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញក្នុងតម្លៃមួយដែលមិនសាកសមនឹងសមត្ថភាពដ៏មហាសាលរបស់កីឡាករវ័យ ២៤ឆ្នាំរូបនេះ។ ភាគច្រើនអ្នកដែលសោកស្តាយចំពោះការបាត់បង់ Gnabry ពីក្លិបគឺពួកគេបានស្តីបន្ទោសទៅលើលោក Wenger អតីតអ្នកចាត់ការទូរទៅ Arsenal ថាមិនបានមើលពីសមត្ថភាពកីឡាករជាធំ។