ឡុង សុភី ៖គ្រប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ជាមួយកីឡាករខ្មែរខ្ញុំចាញ់តែម្នាក់ប៉ុណ្ណោះ
អ្នកលេងជង្គង់គុនខ្មែរ ឡុង សុភី បានបង្ហើបថាបច្ចុប្បន្ននេះរូបគេមានខ្សែក្រវាត់ចំនួន៨គ្រឿងហើយ ដោយភាគច្រើនគឺដណ្តើមបានពីកីឡាករខ្មែរដូចគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយក្នុងចំណោមប៉ះកីឡាករខ្មែរ ខ្លាំងៗជាច្រើនក្នុងវគ្គផ្តាច់ព្រ័ត្រនោះរូបគេធ្លាប់ចាញ់តែកីឡាករម្នាក់ប៉ុណ្ណោះ ។
កូនសិស្សរបស់លោក ឡុង សាលវ័ន្ត បានបញ្ជាក់ថា ខ្សែក្រវាត់ភាគច្រើនដែលប្រកួតជាមួយកីឡាករខ្មែរល្អៗ ជួរមុខជាច្រើនមិនដែលចាញ់នោះទេក្នុងនោះមានដូចជា កែវ រំចង់ , មឿន សុខហ៊ុច , ពុទ្ធ ឆាយរិទ្ធ , ម៉ឺន សុភា និង រឿង សោភ័ណ្ឌ ជាដើម ។ ក្នុងចំណោមកីឡាករខ្មែរដែលរូបគេដណ្តើមខ្សែក្រវាត់មានតែម្នាក់ប៉ុណ្ណោះដែលអាចយកខ្សែក្រវាត់ពីគេបានគឺ ឡៅ ស៊ីណាត ដោយបានយកឈ្នះលើករូបគេក្នុងការប្រកួត ដណ្តើមខ្សែក្រវាត់ស្រាសាច់ដុំនៅស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អ៊ិន ។
ឡុង សុភី បានបន្ថែមថាក្នុងការចូលលេងខ្សែក្រវាត់ចំនួន១២ដងរូបគេឈ្នះបាន៨ដង ខណៈ៤ដងធ្លាប់ ចាញ់វគ្គផ្តាច់ព្រ័ត្រចំនួនពីរគឺចាញ់ ឡៅ ស៊ីណាត និងកីឡាករថៃ ស៊ុបពើឆៃ និងចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួនពីរដងគឺចាញ់ វាន់ ចាន់វៃ រ និងចាញ់ រឿង សោភ័ណ្ឌ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគោជល់ ៕