ឡុង ជិន ថាហាត់ពេញសម្រាប់ការវិលមកសង្វៀនវិញ
ក្រោយជាប់ពិន័យមិនបានឡើងសង្វៀនមួយរយៈ អ្នកប្រដាល់នៃក្លិបខ្លារខិនមានរិទ្ធ ឡុង ជិន បានវិលមកសង្វៀនវិញនៅថ្ងៃ សៅរ៍ សប្តាហ៍នេះ ដោយត្រូវជាមួយកីឡាករ សូត្រ ខេវិន លើទម្ងន់ ៦០គីឡូក្រាម ក្នុងកម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ វេលាម៉ោង ៨ ព្រឹកនាសង្វៀន CNC ។
កូនសិស្សរបស់លោក រិគី បានបញ្ជាក់ថា រូបគេបានត្រៀមការប្រកួតនេះបាន ពេញ១០០ភាគរយ ហើយការខកខានឡើងសង្វៀនមួយរយៈពេល មានការប៉ះពាលដល់សមត្ថភាពរបស់ គេតិចតួចតែប៉ុណ្ណោះ ។
ឡុងជិន បន្ថែមថា សម្រាប់ សូត្រ ខេវិន ដែលជាគូប្រកួតរូបគេបានស្គាល់ច្បាស់ ហើយពីសមត្ថភាព ដោយបទពិសោធកន្លងមកធ្លាប់ ជួបគ្នាចំនួន២ដង ដោយឈ្នះម្តងនិងស្មើម្តង ។
គួររំលឹកថា នេះជាការវិលមកសង្វៀនវិញរបស់ ឡុង ជិន បន្ទាប់ពីរូបគេជាប់ពិន័យជិត៣ខែ ដោយសារការមិនគោរពវិន័យក្នុងក្លិប ខណៈកាលពីមុនរូបគេចាញ់ពិន្ទុ មុត ខ្លឹមខ្មៅ ។
ក្នុងថ្ងៃនោះដែរក្រៅពីការប្រកួតរវាង ឡុង ជិន និង សូត្រ ខេវិន នៅមានការប្រកួតគូពិសេស ចំនួន២គូបន្ថែមទៀតដែលមាន សួន ចាន់នី ជួប ឡុង ឡា និង នីម នន ប៉ះ យុគ យក្សផ្លៃ ៕