
Manchester United នៅតែបន្តយុទ្ធសាស្ត្ររបស់លោក Mourinho ទោះបីជាពួគេដេញគាត់ចេញទៅហើយក្តី
Manchester United នៅតែបន្តយុទ្ធសាស្ត្ររបស់លោក Mourinho ទោះបីជាពួគេដេញគាត់ចេញទៅហើយក្តីវាបានកន្លងផុតទៅអស់រយៈពេល6ខែមកហើយដែលលោក Jose Mourinho បានចាកចេញពីក្លិបបាល់ទាត់ Manchester United ដោយការបណ្តេញចេញពីបទអសមត្ថភាពក្នុងការដឹកនាំ។ ក្រោយពីការចាកចេញទៅរបស់លោកគេមិនបានឃើញក្លិបមួយនេះឈ្នះបានពានរង្វាន់អ្វីមួយឡើយ។
ឋិតក្រោមការដឹកនាំរបស់អតីតកីឡាករបិសាចក្រហម Ole Gunnar Solskjær អតីតក្លិបជើងឯងលីកកំពូលអង់គ្លេស20សម័យមួយនេះគឺដណ្តើមបានត្រឹមលេខ6ដែលជាឋានន្តរសក្តិចូលទៅបំពេញកាតព្វកិច្ច EUROPA League នៅរដូវកាលថ្មីខាងមុខនេះតែប៉ុណ្ណោះ។ ពួកគេបានបណ្តេញលោក Jose Mourinho ចេញតែពួកគេនៅតែប្រើយុទ្ធសាស្ត្ររបស់លោក។ ពោលគឺប្រព័ន្ធលេងរបស់កីឡាករនៅតែសាំញ៉ាំ នៅតែមិនច្បាស់លាស់ ជាពិសេសនៅតែប្រើយុទ្ធសាស្ត្រខុសរបស់លោកមកគ្រប់គ្រងកីឡាករជាបន្ត។
Mourinho ធ្លាប់បាននិយាយថា Manchester United នឹងត្រឡប់មករកភាពល្អដូចជំនាន់លោក Alex Ferguson វិញបានប្រសិនណាក្លិបមួយនេះហ៊ានចំណាយលុយរុះរើកីឡាករស្ទើមួយក្រុមចេញ។ ការទិញកីឡាករមកខុស ការដាក់កីឡាករអោយលេងខុសជំនាញ គឺបានធ្វើអោយ Jose បរាជ័យយ៉ាងដំណំនឹងទីបំផុតត្រូវដើរចេញពី Old Trafford ដោយការបណ្តេញ។
ពេលនេះ Ole ក៏បានលើកឡើងដូចសម្តីរបស់លោក Jose Mourinho កាលនៅកាន់ដំណែងដែរគឺចង់រុះរើកីឡាករជាងពាក់កណ្តាលចោល។ វាអាចនឹងល្អបើគាត់ធ្វើបាន តែជាក់ស្តែងកីឡាករល្បីៗនៅតំបន់អឺរ៉ុបមានការខ្លាចរអារជាខ្លាំងក្នុងការចូលរួមជាមួយនិង Manchester United ឬក៏គេអាចមកបានប្រសិនជាលុយដល់។
ស្របពេលដែលរដូវកាលថ្មី កាន់តែខិតជិតចូលមកដល់ តែក្លិបបិសាចក្រហមរបស់លោក Ole នៅមិនទាន់ទិញកីឡាករដែលសមស្របតាមការចង់បាននៅឡើយទេខណៈពេលដែលកីឡាករចាស់មួយចំនួននឹងមានការចាកចេញ។