
ក្រុមមេឃខៀវត្រៀមកញ្ចប់លុយធំសម្បើមបំបាក់ក្រុមបិសាចក្រហម ដើម្បីទិញយកខ្សែការពារ Harry Maguire
ទីផ្សារទិញដូវកីឡាករសំរាប់លីកអាជីពបាល់ទាត់ក្នុងតំបន់អឺរ៉ុបកំពុងចំហរ ក្រុមចាយលុយជាច្រើនកំពុងតាមប្រជែងទិញយកកីឡាករដែលខ្លួនចង់បានមកពង្រឹងក្លឹបនៅរដូវកាលក្រោយ។ ដូចជាជើងខ្លាំងប្រចាំក្រុង Manchester ក្នុងប្រទេសអង់គ្លេសកំពុងដណ្តើមគ្នាចង់បានខ្សែការពារដែលមានសមត្ថភាពម្នាក់មកជួយក្រុមនៅឆ្នាំក្រោយ។
Harry Maguire ជាខ្សែការពារដ៏រឹងមាំរបស់ក្រុមកញ្ច្រោង Leicester City ដែលជាក្រុមធ្លាប់ឈ្នះជើងឯក Premier League បំបែកកំណត់ត្រាកាលពីឆ្នាំ ២០១៥។ បច្ចុប្បន្ន Manchester City បានទំលាក់ទំហំទឹកប្រាក់ដ៏ច្រើន ៦៥លានផោន ដើម្បីនាំមុខ Manchester United ក្នុងការចាប់យកខ្សែការពារជនជាតិអង់គ្លេសរូបនេះមកចូលរួមជាមួយក្លឹបក្នុងពេលដ៏ឆាប់ខាងមុខនេះ។
សំរាប់សមីខ្លួនផ្ទាល់ក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពី Leicester City ក្រោយចំណាយពេល២រដូវកាល ហើយរូបគេក៏ចង់ចូលជាមួយក្លឹបថ្មីក្រោមការដឹកនាំរបស់លោក Pep Guardiola ដែរ។ ខណៈដែលថ្មីៗនេះ ក្រុមមេឃខៀវបានបាត់បង់ខ្សែការពារកណ្តាលដ៏ឆ្នើមគឺ Vicente Company ដោយប្រកាសចូលនិវត្តន៏ពីអាជីពជាកីឡាករ ដូច្នេះហើយទើបគ្រូបង្វឹកជនជាតិអេស្ប៉ាញចង់បាន Maguire មកជំនួសកន្លែងទំនេរនេះ។
ការចង់បាននេះ ធ្វើអោយ Manchester United មិនស្ថិតក្នុងក្រសែភ្នែកចរចារតំលៃខ្លួនជាមួយភ្នាក់ងាររបស់ Leicester City ព្រោះក្រុមមេឃខៀវហ៊ានចំណាយលុយ ៦៥លានផោនច្រើនជាងបិសាចក្រហមដែលហ៊ានចំណាយត្រឹមតែជា ៤០លានផោនប៉ុណ្ណោះ។
គួរបញ្ចាក់ថាថ្មីៗនេះ Manchester City កំពុងត្រូវការកីឡាករចំណូចថ្មីមួយចំនួនមកជំនួសកីឡាករដែលចាក់ចេញពីក្លឹបនៅអំឡុងបំណាច់រដូវកាលនេះ ដូចជាខ្សែបំរើ Rodri របស់ AT.Madrid អាចនិងត្រូវមកបំពេញចន្លោះរបស់ខ្សែបំរើជនជាតិប្រេស៊ីល Fernandinho ជាដើម៕