ឡុង សុវណ្ណឌឿន ប្រកាសផ្តល់កន្លែងស្នាក់នៅនិងអាហារដល់ កែវ រំចង់ មុនប៉ះកីឡាករថៃ សប្តាហ៍នេះ
ធ្លាប់ជាគូប្រកួតជាមួយគ្នាក្នុងការដណ្តើមខ្សែក្រវាត់ក៏ពិតមែន ប៉ុន្តែកីឡាករ ឡុង សុវណ្ណឌឿន ប្រកាសផ្តល់ កន្លែងស្នាក់នៅ និងអាហារហូបចុកដល់កីឡាករ កែវ រំចង់ ក្នុងអំឡុងពេលឡើងមកប្រកួតនៅរាជធានី ភ្នំពេញនាសប្តាហ៍នេះ ។
ឡុង សុវណ្ណឌឿន ដែលធ្លាប់ឈ្នះខ្សែក្រវាត់ពី កែវ រំចង់ បានប្រាប់ MSR ថា ដោយសារស្រលាញ់គុនខ្មែរទោះបី មិនអាចប្រកួតបានក៏នៅស្រលាញ់ដែរ ហើយសម្រាប់ រំចង់ ជាដៃគូយ៉ាងស្វឹតស្វាញកាលពីជាង១០ឆ្នាំមុន រូបលោកនៅតែរាប់អានគ្នាដូចបងប្អូន ។ លោកបន្ថែមថា ខ្ញុំដឹងគាត់នៅ បាត់ដំបង ចឹងពេលត្រូវប្រកួតនៅ ភ្នំពេញគាត់ឡើងមកស្នាក់នៅភ្នំពេញ ចឹងហើយខ្ញុំមានហាងមួយដែលមានឈ្មោះថាគុនខ្មែរ ដែលមានលក់គ្រឿងបុកល្ហុង ច្រើនមុន រួមទាំងមានគោដុត និងអាហារផ្សេងៗ ដែលខ្ញុំទទួលសា្វគមន៍គាត់គ្រប់ពេលបើគាត់មកហាងខ្ញុំ ដោយមិនគិតថ្លៃអីនោះទេ និងថែមទាំងអាចស្នាក់នៅបានទៀតផង ។
សូមបញ្ជាក់ថា កែវ រំចង់ នឹងប៉ះកីឡាករថៃ ជេកស្យាម នៅថ្ងៃសុក្រ ទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ នាសង្វៀន បាយ័ន ចាប់ពីម៉ោង ៧ យប់តទៅ ៕