ហ៊ុន ចាន់រាជ សន្យាជួយ ម៉ឺន សុភា ចេញប្រកួតក្រៅប្រទេស តាមការចង់បានរបស់ ធន់ សុភា
លោក ហ៊ុន ចាន់រាជ ប្រភិភូដឹកនាំកីឡាករគុនខ្មែរចេញប្រកួតក្រៅប្រទេសបានបង្ហើបថាលោកនឹងជួយដល់ ម៉ឺន សុភា មានឱកាសចេញប្រកួតក្រៅប្រទេសតាម ការចង់បានរបស់លោកគ្រូ ធន់ សុភា ដែលជាគ្រូបង្វឹកនៃក្លិបប្រដាល់ក្រសួងការពារជាតិដែលចង់នាំកូនសិស្សរបស់លោក ម៉ឺន សុភា ប្រកួតនៅក្រៅប្រទេស ។
ម្ចាស់ក្លិប Cambodian Top Team បញ្ជាក់ថាទំនាក់ទំនងរបស់លោក និង លោកគ្រូ ធន់ សុភា រាប់អានគ្នាដូចបងប្អូនដោយបានស្គាល់គ្នាយូរណាស់មកហើយ ដូចនេះលោកសន្យាថានឹងជួយតាមការចង់បានរបស់ ធន់ សុភា ដើម្បីអោយកូនបានចេញប្រកួតក្រៅប្រទេស ។
គួររំលឹកថា ម៉ឺន សុភា បានខកខានឡើងសង្វៀនជាង៤ខែកន្លងមកហើយដោយសារបញ្ហារបួសជើង ខណៈរូបគេនឹងវិលមកសង្វៀននៅថ្ងៃសុក្រ សប្តាហ៍នេះវិញ ហើយបើសិនជារបួសរបស់គេមិនមានបញ្ហានោះទេលោកគ្រូបង្វឹកគេ ធន់ សុភា បានអោយដឹងថានឹងព្យាយាមស្វែងរកទីផ្សារក្រៅប្រទេសដើម្បីអោយតោកំណាចរូបនេះ បានចេញប្រកួតអោយខានតែបាន ។
ម៉ឺន សុភា ធ្លាប់មានបទពិសោធប្រកួតក្រៅប្រទេសកន្លងមករួចហើយដូចជានៅប្រទេសបារាំងឈ្នះ ហើយប្រកួតនៅប្រទេសថៃកម្មវិធី សាងាំអាស៊ានហ្វៃបានផ្តួល ម្ចាស់ផ្ទះ កងស្យាម ក្នុងទឹកទី២ និងប្រកួតនៅម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទទួលបានមេដាយប្រាក់ ៕