ឡៅ ចិត្រា ថាបើ ម៉ៃសុទ្ធ មិនអស់ចិត្តចូលឆ្នាំហើយអាចស្វាគមន៍បានគ្រប់ពេល
អ្នកប្រដាល់វ័យក្មេងរបស់កម្ពុជា ឡៅ ចិត្រា បានបង្ហើបថាក្រោយពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិចប់ រូបគេរង់ចាំស្វាគមន៍កីឡាករថៃ ម៉ៃសុទ្ធ ប៉េឡេបុរីរ៉ាំ បានគ្រប់ពេល បើសិនអ្នកប្រដាល់ខេត្តផាត់ថាលុង មិនអស់ចិត្តក្នុងការចាញ់ នៅទឹកដីខេត្តកំពង់ស្ពឺក្នុងកម្មវិធី អ្នកតស៊ូគុនខ្មែរគោជល់ នាចុងខែមិនា កន្លងមក ។
កូនសិស្សរបស់លោក ហង្ស សឿន បានប្រាប់ MSR ថា បើម៉ៃសុទ្ធមិនអស់ចិត្តខ្ញុំអាចស្វាគមន៍រូបគេបន្តទៀត បានក្រោយចូលឆ្នាំហើយ ពេលណាក៏បាន ពីព្រោះកាលជួបខ្ញុំលើកទីមួយលឺសូវថាគេមិនបានហាត់ហើយ សម្រាប់ខ្ញុំនរណាក៏បានដែរអោយតែគីឡូស្មើគ្នា ។
គួររំលឹកថា ក្រោយចាញ់កីឡាករ ឡៅ ចិត្រា ជើងខ្លាំងរបស់ថៃ ម៉ៃសុទ្ធ ដែលមកស្រុកខ្មែរចាញ់តែម្តង បានបង្ហើបថារូបគេមិនទាន់អស់ចិត្តនោះឡើយ ដោយលើហេតុផលថាដោយសារមិនបានហ្វឹកហាត់ត្រៀមខ្លួន ពីព្រោះមកជំនួសមិត្តរួមជាតិ យ៉តកុសុន ដែល មានរបួស ដូចនេះបើមានឱកាសចង់សាកជាមួយគុនខ្មែរ ឡៅ ចិត្រា ម្តងទៀត ៕