តាញ់ មករា និង សេរីវាន់ថង អាចនឹងប៉ះគ្នាម្តងទៀតបាន បន្ទាប់ពីអ្នកគាំទ្រត្រៀមប្រមូលលុយដាក់អោយដណ្តើម
ក្រោយពីការផ្តួលកីឡាករថៃអោយបោះបង់ការប្រកួតត្រឹមទឹកទី១ កាលពីម្សិលមិញ តាញ់ មករា បានបង្ហើបថាចង់សាកល្បងជាមួយមិត្តរួមជាតិ ឈុត សេរីវាន់ថង ម្តងទៀតក្រោយពីចាញ់ក្នុងការប្រកួតវគ្គ ផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ ISI Palm រដូវកាលទី៣ ។
ពេលដឹងដំណឹងនេះ ឈុត សេរីវាន់ថង បានឆ្លើយតបភ្លាមៗថា ស្វាគមន៍គ្រប់ពេលសម្លាញ់ ខណៈ តាញ់ មករា ក៏បញ្ជាក់បន្ថែមថា សង្ឃឹមថាអ្វីៗនឹងសម្រេចដូចបំណងណាសម្លាញ់ ។
យ៉ាងណាទាក់ទងទៅនឹងការប្រកួតរបស់ពួកគេវាពិបាកនឹងកើតឡើងបន្ថិចដោយសារកម្រិតសមត្ថភាពរបស់ពួកគេឈានដល់ការប្រកួតអន្តរជាតិដូចគ្នា ហើយបើពួកគេប្រកួតជាមួយគ្នានោះមានន័យថា តម្លៃខ្លួនរបស់គេត្រូវតែស្ថិតក្នុងការប្រកួតខ្មែរប៉ះខ្មែរដែលមានចន្លោះពី ៤០ ទៅ ៥០ ម៉ឺនរៀលតែប៉ុណ្ណោះ ។
ដូចនេះដើម្បីអោយការប្រកួតកើតឡើងបានហើយមានទំហំទឹកប្រាក់ច្រើនអ្នកគាំទ្រម្នាក់ឈ្មោះ ទីទី គ្រោងនឹងធ្វើការប្រមូលទឹកប្រាក់ពីអ្នកគាំទ្រផ្សេងៗដែលចង់អោយពួកគេសាកល្បងក្បាច់គុនគ្នាម្តងទៀត អោយច្រើនជាមុនសិនហើយអោយពួកគេប្រកួតដណ្តើមតែម្តង ។ ឧទាហណ៍៖ ប្រមូលបាន ២ពាន់ដុល្លារ ដូចនេះអាចកំណត់មុនប្រកួតថាអ្នកឈ្នះទទួលបាន ១៥០០ ដុល្លារ និងអ្នកចាញ់ទទួលបាន ៥០០ដុល្លារ ៕