ទិត្យ សុវណ្ណគីរី ចិត្តនៅតែមិនទាន់អស់អាល័យពីគុនខ្មែរ
ទិត្យ សុវណ្ណគីរី គឺជាអ្នកប្រដាល់គុនខ្មែរជំនាន់ សែន រ៉ាឌី ហើយក៏ជាពូជពង្សអ្នកប្រយុទ្ធក្នុងខេត្តកោះកុង ដែលធ្លាប់មានឈ្មោះល្បីល្បាញមិនចាញ់ សែន រ៉ាឌី ប៉ុន្មាននោះទេ ផ្ទុយមកវិញកេត្តិ៍ឈ្មោះរបស់គេភាគច្រើនគេស្គាល់ចេញពីទឹកដីថៃមកវិញ។ នេះក៏ដោយសារតែភាគច្រើន ទិត្យ សុវណ្ណគីរី ប្រកួតនៅថៃច្រើនជាងប្រកួតនៅខ្មែរ ហើយកន្លងអ្នកស្រុកខេត្តកោះកុងរូបនេះក៏ធ្លាប់បានប៉ុស្តិ៍ CTN កាលណោះដឹកនាំដោយលោកគ្រូ ម៉ា សេរី ធ្លាប់បានចងក្រងធ្វើជីវប្រវត្តិរបស់រូបគេផងដែរ។
ជាង១០ឆ្នាំហើយ ដែលកេត្តិ៍ឈ្មោះរបស់ គីរី ត្រូវបានកប់បាត់រសាត់ទៅឆ្ងាយ តាមរយៈការចង់អស់និស្ស័យពីគុនខ្មែរ ដោយសារតែមានភារកិច្ចចេញទៅបង្ហាត់គុនខ្មែរនៅប្រទេសជប៉ុនចំនួន២ដង និងចេញបង្ហាត់នៅប្រទេសចិនជាច្រើនដងដូចគ្នា ម្លោះហើយនៅពេលដែលរូបគេវិលត្រឡប់ និងឡើងប្រកួតវិញ ធ្វើឲ្យកាយសម្បទានរបស់ខ្លួនមិនដូចពីមុន គួរផ្សំនិងវ័យក៏កាន់តែច្រើនជាងមុន។ មួយរយៈពេលមុន ទិត្យ សុវណ្ណគីរី ធ្លាប់ឡើងប្រកួតនៅក្នុងទឹកដីខ្លួនឯង តែភាគច្រើនប្រកួតជាមួយគុនខ្មែរនិងគុនខ្មែរ ហើយក៏ធ្លាប់ចេញទៅប្រកួតនៅថៃម្តងកាលដែល ក្រោមការដឹកនាំដោយលោក អេ ភូថង ក្រោយមកទៀតក៏បានស្ងប់ស្ងាត់ទៅវិញ។
បើយោងតាមការនិយាយប្រាប់ពីសំណាក់ ទិត្យ សុវណ្ណគីរី ផ្ទាល់បានអោយដឹងថា៖ បច្ចប្បន្ននេះរូបគេកំពុងតែធ្វើជាគ្រូជំនួយនៅក្លឹបប៊ែនកាក់គុនខ្មែរ របស់លោកគ្រូ ស៊ន អេលីត មានដើមកំណើតពីគុនខ្មែរ ចឹងរូបគេក៏មិនអាចទៅណាឆ្ងាយពីគុនខ្មែរនោះទេ ហើយក៏នៅតែមានបំណងចង់ឡើងប្រកួតវិញ ព្រោះឃើញគេឡើងប្រកួតចេះតែទ្រាំមិនបាន។ ហើយការផ្អាកឡើងសង្វៀនមួយរយៈនេះ ក៏ដោយសារតែមានការអន់ចិត្តបន្តិច ព្រោះភាគច្រើនចាប់ឈ្មោះប្រកួតបានតែជាមួយខ្មែរគ្នាឯង ណាមួយចិត្តមិនចង់ប្រកួតជាមួយខ្មែរគ្នាឯងទៀតនោះទេ។ ហើយការចង់ត្រឡប់មកសង្វៀនសារជាថ្មីម្តងទៀតគឺកំពុងតែឋិតក្នុងការពិចារណានៅឡើយ តែចិត្តនៅតែស្រលាញ់គុនខ្មែរជានិច្ច។
គួររំលឹកថា កាលពីថ្ងៃម្សិលមិញនេះកីឡាករ ព្រឿង សុជាតិ ដែលជាកូនសិស្សរបស់លោកគ្រូ ធន់ សុភា ទើបតែប្រកាសបោះបង់អាជីពជាកីឡាករគុនខ្មែរ ដោយសារតែរូបគេមានការអន់ចិត្ត ព្រោះមិនដែលចាប់ឈ្មោះបានក្នុងការប្រកួតលក្ខណៈអន្តរជាតិ៕