ម្ចាស់ខ្សែក្រវាត់ WBA ត្រូវសម្រកជិត២០ គីឡូ ទើបអាចប្រកួតអោយកម្ពុជានៅ ស៊ីហ្គេម
កីឡាករកូនខ្មែរកាត់អាមេរិក Eric Pieroun Pen ដែលម្ចាស់ខ្សែក្រវ៉ាត់ WBA Asia Heavyweight Championship ដែលជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិប្រដាល់សកល កំពុងព្យាយាមហ្វឹកហាត់សម្រកគីឡូដើម្បីត្រៀមយកមេដាយជូនកម្ពុជា នៅព្រឹត្តិការណ៍ស៊ីហ្គេម ២០២១ នេះ ។
អ្នកប្រដាល់មានម្តាយរស់នៅខេត្តកំពត បានប្រាប់ MSR SPORT ថា រូបគេកំពុងប្រឹងប្រែងហ្វឹកហាត់ដើម្បីសម្រកគីឡូដើម្បីអាចប្រកួតវិញ្ញាសាសកលប្រភេទទម្ងន់ធ្ងន់ ៩១ គីឡូនៅស៊ីហ្គេម ខែ វិច្ឆិកា ២០២១ នេះនៅ ប្រទេស វៀតណាម ។
កីឡាករមិនដែលចាញ់ បន្ថែមថា ទម្ងន់របស់គេបច្ចុប្បន្នប្រហែល ១១០ គីឡូក្រាម ខណៈស៊ីហ្គេម ផ្នែកសកលមានត្រឹមប្រភេទទម្ងន់ ៩១ គីឡូដែលជាប្រភេទទម្ងន់បំផុត ដូច្នេះរូបគេកំពុងប្រឹងហាត់សម្រកគីឡូអោយមកត្រឹម ៩១ ដើម្បីប្រកួតបាន ទោះបីបញ្ហាកូវីដ១៩ បានបង្កជាបញ្ហាយ៉ាងណាក្តី ។
Eric Pieroun Pen ដែលកំពុងធ្វើការហ្វឹកហាត់នៅប្រទេសវៀតណាម នាក្លិប Saigon ត្រូវបានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាសម្រចបញ្ជូលក្នុងក្រុមជ្រើសជាតិប្រដាល់សកលកម្ពុជា សម្រាប់ត្រៀមចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិនានា រួមទាំង ស៊ីហ្គេម ឆ្នាំនេះ ។
កីឡាករ Eric Pen បានឈានប្រឡូកចូលរួមប្រកួតប្រដាល់សកលអាជីពកាលពី ឆ្នាំ២០១៨ ដោយប្រកួតផ្លូវការ ៥ ដងមិនដែលចាញ់និងដណ្តើមបានខ្សែក្រវ៉ាត់ WBA Asia Heavyweight នៅឆ្នាំ២០១៩ ៕