
ម្ចាស់ខ្សែក្រវាត់គោជល់វគ្គ៣មកវិញហើយ ក្រោយបាត់មុខជិត៣ឆ្នាំ
ម្ចាស់ខ្សែក្រវាត់គោជល់វគ្គ៣កីឡាករថៃ ណាត់តាផុន កៀតអាវ៉ន បានវិលមកប្រកួតនៅស្រុកខ្មែរវិញហើយ ក្នុងសប្តាហ៍នេះ ក្រោយរូបគេបាត់មុខពីសង្វៀនស្រុកខ្មែរជិត៣ឆ្នាំមកហើយ ពោលចាប់តាំងពីរូបគេបាន ខ្សែក្រវាត់រួចមក ហើយប្រកួតជាមួយចាញ់ មឿន សុខហ៊ុន នៅក្រុងប៉ោយប៉ែត ។
អ្នកប្រដាល់មកពីខេត្តរ៉យអេត រូបនេះកាលពីប្រកួតខ្សែក្រវាត់នៅស្រុកខ្មែរមិនដែលចាញ់នោះទេ ពោលគេបានយកឈ្នះបេក្ខភាពគុនខ្មែរ អ៊ុំ ចំរើន , ចាន់ ប៊ុនលាទ , មិន សិលា និង ជា សំនៀង ខណៈវគ្គពាក់កណ្តាលផ្តាច់គេបន្តឈ្នះកីឡាករឡាវ អូរ៉ូណូ ចំប៉ាសក្ក័ និងវគ្គផ្តាច់ព្រ័ត្រឈ្នះមិត្តរួមជាតិ យ៉តឃុនផុន ក្នុងទឹកទី ៣ ។
ការវិលមកវិញនេះរូបគេត្រូវប្រកួតដណ្តើមប្រាក់លានខារ៉ាបាវ ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៩ នេះ ដោយត្រូវ ប៉ះកីឡាករ គឹម វាសនា នៃក្លិបឆ័ត្រយោង៩១១ លើកប្រភេទទម្ងន់ ៦៧ គីឡូក្រាម ចាប់ពិម៉ោង ២ រសៀលតទៅ ៕