
ខាន់ ចេសា និង អ៊ូមើត ម្ចាស់មេដាយមាស Asian Games ទទួលបានប្រាក់រង្វាន់ម្នាក់ជាង១០០លានរៀល
កាលពីម្សិលមិញនៅវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរ វីរកីឡាករ សាលី អូមើត វីរកីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាស Asian Games ដែលបានខិតខំប្រឹងប្រែងយកជ័យជម្នះជូនជាតិមាតុភូមិ ស្របពេលនោះដែរក៏បានប្រកាសពីប្រាក់រង្វាន់ដែលត្រូវផ្តល់ជូនដល់ ពួកគេ ផងដែរ ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ជ័យលាភីមេដាយមាសកីឡាការិនី ខាន់ ចេសា ទទួលបានថវិកាពីរដ្ឋ ៨០លានរៀល និងថវិការសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១ម៉ឺនដល្លារ រីឯគ្រូបង្វឹកទទួលបានដូចគ្នា ។ ចំណែកកីឡាករ សាលី អ៊ូមើត ទទួលបានថវិកាពីរដ្ឋចំនួន ១០៤លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិតចំនួន ១៣០០០ ដុល្លារ និងគ្រូបង្វឹករបស់គេទទួលបានថវិកាពីរដ្ឋចំនួន៨០លានរៀល និង ថវិការសម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិតចំនួន១ម៉ឺនដុល្លារ ។
គួររំលឹកដែរថា ការប្រកួតកីឡាអាស៊ី បានចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ ផ្ទះ កម្ពុជាបានបញ្ជូនកីឡា ១៣ប្រភេទទៅចូលរួមប្រកួត។ ក្នុងចំណោមប្រភេទកីឡាទាំង ១៣ប្រភេទនេះ កម្ពុជាដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស១និងសំរឹទ្ធ១ និង កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាកីឡាជឺជិតស៊ូ ៕
អត្ថបទ៖ ជោគជ័យ
រូបភាព៖ NOCC