ក្លិបបាល់ទះ វិសាខា ឈរកំពូលតារាងពានរង្វាន់បាល់ទះ ៧ មករា
ក្លិបបាល់ទះ វិសាខា ឈរកំពូលតារាងនៃការប្រកួតកីឡាបាល់ទះមិត្តភាពអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២១ ដែលចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅទីលានបាល់ទះ នៃកីឡដ្ឋានព្រីនស៍ (ហ្គ្រេនភ្នំពេញ) ។ ឆ្លងកាត់ការប្រកួតកន្លងមកក្លិបបាល់ទះ វិសាខា មិនទាន់ស្គាល់បរាជ័យនៅឡើយទេ ក្នុងណោមក្រុមចូលរួមចំនួន៥ក្រុម ។
វិសាខា បានយកឈ្នះ ក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៣ សិតទល់ ០ ដោយលទ្ធផល ២៥-១៣, ២៥-១១ និង ២៥-១៥ ។ ប្រកួតបន្ទាប់ក្រុមបាល់ទះវិសាខា យកឈ្នះ លើក្រុមកងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ៣-០ (២៥-២២, ២៥-២១, ២៥-១៦) ។ សម្រាប់ការប្រកួតថ្ងៃនេះក្លិបបាល់ទះវិសាខា នៅតែបន្តឈ្នះ ដោយបំបាក់ បញ្ជាការដ្ឋានអង្គរក្ស ៣ សិតទល់ ០ ក្នុងពិន្ទុ (២៥-១៦, ២៥-១៦, ២៥-១៦ ) ។
សូមបបញ្ជាក់ថា សម្រាប់ការប្រកួតនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ក្រុមកីឡាបាល់ទះ កងពលធំអន្តរាគមន៍លេខ៣ ប៉ះ ក្រុមកីឡាបាល់ទះក្រសួងមហាផ្ទៃ និង ក្រុមកីឡាបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស ជួប ក្រុមកីឡាបាល់ទះ ស្នងការរាជធានីភ្នំពេញ ដោយការប្រកួតនឹងធ្វើឡើងនៅទីលានបាល់ទះ នៃកីឡដ្ឋានព្រីនស៍ (ហ្គ្រេនភ្នំពេញ) ចាប់ពីម៉ោង២រសៀលតទៅ ៕