Chelsea បញ្ជាក់ពីការផ្ទេរ Tomori ទៅ AC Milan
(BC-99)
ក្លិបតោខៀវ Chelsea បានប្រកាសនៅល្ងាចថ្ងៃសុក្រនេះថាកីឡាករខ្សែការពារវ័យ ២៣ ឆ្នាំ Fikayo Tomori បានចូលរួមជាមួយ AC Milan លើលក្ខខណ្ឌកម្ចីរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
បន្ទាប់ពីកិច្ចសន្យាខ្ចីត្រូវបញ្ចប់ក្រុម AC Milan ក៏អាចបំពេញបន្ថែមលើកិច្ចព្រមព្រាងក្នុងការទិញផ្តាច់ Tomori ក្នុងតម្លៃ ២៥ លានផោននៅរដូវក្តៅខាងមុខនេះផងដែរប្រសិនបើក្លិបនៅអ៊ីតាលីមួយនេះមានការចាប់អារម្មណ៍យកគេធ្វើជាសមាជិកក្រុមជាអចិន្ត្រៃយ៍។
AC Milan ដែលមើលឃើញ Tomori ជាគ្រាប់ពេជ្រនឹងផ្តល់អាវលេខ ២៣ ឱ្យទៅខ្សែការពារកណ្តាលរូបនេះខណៈក្លិប Chelsea ក៏បានធ្វើសចក្តីបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ Fikayo Tomori នឹងចំណាយនៅសល់នៃរដូវកាលនេះក្នុងការខ្ចីជើងនៅជាមួយក្រុម AC Milan។ អតីតកីឡាករថ្នាលលើដី Chelsea តាំងពីក្រោមកម្រិតទី៨រូបនេះនឹងបន្តការអភិវឌ្ឍរបស់ខ្លួននៅ San Siro ដែលជាទីកន្លែងអាចផ្តល់បទពិសោធន៍ថ្មីៗនិងល្អៗដល់កីឡាករគ្រប់រូប” ។
គិតមកដល់ពេលនេះមានរយ់ៈពេល៤រដូវកាលហើយដែល Tomori បានក្លាយជាកីឡាករឈុតធំរបស់ Chelsea ដោយបានបង្ហាញខ្លួនចំនួន ២៧ ប្រកួតអោយក្រុម។ លើកចុងក្រោយនេះគេបានជាប់ជាកីឡាករបម្រុងក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី ៣ ដែលបានជួយឱ្យក្រុមឈ្នះលើ Morecambe កាលពីដើមខែនេះដែរ។