
Pep Guardiola ចង់ឲ្យមើលប្រវត្តិសាស្ត្រសិន មុនមាក់ងាយលោក Jose Mourinho
អ្នកចាត់ការទូទៅក្រុមមេឃា Manchester City លោក Pep Guardiola ដែលជាគូប្រជែងរបស់ Manchester United ដែរនោះ បានលើកឡើងថា លោក Jose Mourinho គួរតែទទួលបានការគោរព ទោះបីជាក្លឹបបិសាចក្រហម កំពុងជួបភាពអាម៉ាស់ ចាញ់ក្រុម Birghton និង Tottenham ២សប្តាហ៍ជាប់គ្នាក៏ដោយ។
ថ្លែងប្រាប់សារព័ត៌មានអង់គ្លេស នៅថ្ងៃនេះ លោក Pep Guardiola បាននិយាយថា៖ «ជាប្រវត្តិសាស្ត្រ អ្វីដែលលោក Jose ធ្វើ គឺគួរឲ្យយើងដោះមួកគោរព។ គ្មានអ្វីគួរឲ្យសង្ស័យពីគុណសម្បត្តិរបស់គាត់ឡើយ។ អ្នកត្រូវការកីឡាករ ក្លឹបល្អ ដើម្បីទ្រទ្រង់ និងគាំទ្រអ្នក។ ដូច្នេះ សូមអត់ធ្មត់។»
លោក Pep បានបន្ថែមថា៖ «មានតែកីឡាករទេ ដែលដឹងច្បាស់ថា តើអ្នកចាត់ការទូទៅរបស់ខ្លួនយ៉ាងម៉េច ព្រោះថាពួកគេជាអ្នកយល់ពីអ្នក និងឃើញអ្នករាល់ថ្ងៃ។ ពួកគេមានព័ត៌មានច្រើនពីអ្នក ជាងពិភពលោកទាំងមូល ដូចជាអ្នកគាំទ្រ ឬ ប្រព័ន្ធផ្សព្វផ្សាយ។ …»
គួរជម្រាបជូនថា Man City ជាក្រុមប្រជែង (rivalry) របស់ Man Utd ព្រោះថាក្រុមទាំង២ មានទីតាំងក្នុងទីក្រុង Manchester ដូចគ្នា។ ហើយសម្រាប់លោក Pep Guardiola និងលោក Jose Mourinho ក៏ជាគូប្រជែងចាស់វស្សានឹងគ្នា តាំងពីពួកគាត់ដឹកនាំក្លឹបនៅអេស្ប៉ាញ។ ប៉ុន្តែលោក Jose Mourinho មួយរយៈចុងក្រោយនេះ ទទួលរងការវាយប្រហារយ៉ាងខ្លាំងពីសមត្ថភាពរបស់លោក ក្នុងការដឹកនាំក្រុម Man Utd ឲ្យប្រកួតចាញ់ ហើយថែមទាំងមានដំណឹងថាគាត់កំពុងមានជម្លោះផ្ទៃក្នុងជាមួយកីឡាករទៀត។ អ្នកគាំទ្រមួយចំនួន ចង់ឲ្យបណ្តេញលោក Mourinho ចេញ នៅពេលដែលមានហេតុការណ៍ទាំងនេះកើតឡើង ប៉ុន្តែសម្រាប់មជ្ឈដ្ឋានមួយចំនួន នៅតែទុកចិត្តចំពោះលោក Mourinho ជានិច្ច ព្រោះថាលោក Mourinho ធ្លាប់ដឹកនាំក្រុម Chelsea ឈ្នះពានរង្វាន់ Premier League ៣ដង និងដឹកនាំ Man Utd ឲ្យឈ្នះពានរង្វាន់ផ្សេងៗ អំឡុងពេលលោកនៅអង់គ្លេស៕