
កូនតោក្មេងខ្ចីអង់គ្លេស ប្តេជ្ញាក្លាយជាតោកំណាច នៅ World Cup 2018
បន្ទាប់ពីការប្រកួតកាលពីយប់មិញ អង់គ្លេស បានកក់កៅអី សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយនឹងត្រូវជួបជាមួយក្រូអាស៊ី នៅថ្ងៃពុធខាងមុខ។ កីឡាករអ្នកចាំទីវ័យ ២៤ឆ្នាំរបស់អង់គ្លេស Jordan Pickford ត្រូវបានគេចាត់ទុកថាជាវីរៈបុរស ក្នុងការប្រកួតយប់មិញ ហើយគេក៏រំពឹងថា យុវជនម្នាក់នេះ នឹងបង្កើតអ្វីអស្ចារ្យសម្រាប់ការប្រកួតនាពេលខាងមុខ។
ក្នុងបទសម្ភាសន៍ពេលចប់ការប្រកួត Pickford បាននិយាយថា៖ «ខ្ញុំមិនទាន់កើតទេ កាលពេលដែលអង់គ្លេសឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ យើងតែងតែនិយាយថា យើងនឹងនាំគ្នាលេងមួយប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចហើយនឹងបង្កើតប្រវត្តិសាស្ត្រមួយដោយខ្លួនយើង»។
ចំណែកប្រធានក្រុមអង់គ្លេស Harry Kane វ័យ ២៤ឆ្នាំ បាននិយាយប្រហែលគ្នានេះថា ពួកគេបានតាំងចិត្តហើយថានឹងនាំអ្វីម្យ៉ាងទៅឲ្យអ្នកគាំទ្រនៅស្រុកវិញ ដើម្បីជាមោទនភាពមួយ។ Harry Kane បាននិយាយថា៖ «យើងដឹងថាវាជាការប្រកួតដ៏ធំ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែយើងមានអារម្មណ៍ល្អ ហើយយើងជឿជាក់។ យើងត្រូវតែប្រកួតម្តងទៀត ហើយយើងរីករាយចំពោះវា យើងត្រូវតែបន្តធ្វើអ្វីដែលយើងបានធ្វើ ដើម្បីធ្វើឲ្យប្រទេសជាតិយើងមានមោទនភាព»។
គួរជម្រាបជូនថា អង់គ្លេស បានយកឈ្នះលើស៊ុយអែត នៅវគ្គ ៨ក្រុមចុងក្រោយកាលពីយប់មិញ ដោយលទ្ធផល ២ទល់នឹង០ នៅក្នុងការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី។ ចំណែកម្ចាស់ផ្ទះរុស្ស៊ី បានប្រកួតចាញ់ ក្រុមក្រូអាស៊ី នៅវគ្គកាត់សេចក្តីដោយបាល់ប៉េណាំងទី ក្នុងចំនួនគ្រាប់បាល់ ៣ទល់នឹង៤។ ដូច្នេះមានន័យថា អង់គ្លេស ត្រូវប្រឈមមុខជាមួយក្រូអាស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលត្រូវប្រកួតនៅថ្ងៃពុធខាងមុខ។ សូមរម្លឹកដែរថា នេះជាលើកដំបូងក្នុងរយៈពេល ២៨ឆ្នាំ ដែលអង់គ្លេសទើបឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាថ្មី។ សូម្បីតែជំនាន់ កំពូល Superstars ដូចជា David Beckham ឬ Paul Scholes ក៏មិនដែលជួយក្រុមជម្រើសជាតិអង់គ្លេស ឲ្យឆ្លងផុតវគ្គ ៨ក្រុមចុងក្រោយដែរ។
ជាការកត់សម្គាល់ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នៅឆ្នាំ ២០១៨នេះ សុទ្ធតែប្រមូលផ្តុំដោយកីឡាករក្មេងៗទាំងអស់ ដោយក្នុងនោះកីឡាករអាយុច្រើនជាងគេ (លើស៣០ឆ្នាំ) មានតែប្រមាណជា ៣នាក់ប៉ុណ្ណោះ ដូចជា Ashley Young, Jamie Vardy និង Gary Cahill៕