PSG ឈ្នះជើងឯក Ligue 1 លើកទី១០ តែអ្នកគាំទ្រនាំគ្នាដើរចេញអស់
Paris Saint Germain ក្រសោបបានតំណែងជើងឯកក្របខណ្ឌកំពូលបារាំង French Ligue 1 ជាលើកទី១០ ទាំងនៅសល់៤ប្រកួតទៀត។
ការឈានទៅឆក់បានជើងឯកនេះកើតឡើងក្នុងការប្រកួតសប្ដាហ៍ទី៣៤ នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ដែល PSG ស្មើក្នុងដីខ្លួនឯងជាមួយ Lens។
Lionel Messi រកបានគ្រាប់បាល់បញ្ចូលទីក្រៅប្រអប់ក្នុងនាទី៦៨។ គ្រាប់របស់ខ្សែប្រយុទ្ធអាហ្សង់ទីនកើតឡើង១១នាទីបន្ទាប់ពីកីឡាករ Danso របស់ Lens ទទួលបានកាតលឿងទី២ស្មើនឹងកាតក្រហម។
យ៉ាងណា ក្រុមភ្ញៀវ Lens ដណ្ដើមបានគ្រាប់បាល់តាមស្មើនាទី៨៨ពី Corentin Jean។
នេះជាការឈ្នះជើងឯកក្របខណ្ឌកំពូលលើកដំបូងសម្រាប់លោក Mauricio Pochettino ក្នុងនាមជាគ្រូបង្វឹក។
ប៉ុន្តែអ្វីគួរកត់សម្គាល់នោះ ក្រុមទស្សនិកជនរបស់ PSG បាននាំគ្នាដើរចេញពីទីលានទាំងការប្រកួតនៅសល់១៥នាទីទៀត។ ពួកគេភាគច្រើនមិនសប្បាយចិត្តចំពោះក្រុមប៉ុន្មាន ដោយសារការធ្លាក់ពី UEFA Champions League៕