អ៊ីតាលី និងអេស្ប៉ាញប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងអេស្ប៉ាញត្រូវប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Euro 2020 ក្រោយឈ្នះគូប្រជែងពួកគេរៀងៗខ្លួន។
ក្រុមជើងឯក Euro ៣សម័យអេស្ប៉ាញ បានយកឈ្នះស្វីស ដោយបាល់កាត់សេចក្ដី៣ទល់នឹង១ ក្រោយស្មើគ្នា១ទល់នឹង១ ក្នុងម៉ោងធម្មតា និងម៉ោង extra time។
ខ្សែបម្រើការពារ Denis Zakaria បានភ្លាត់ធ្វើឲ្យបាល់ចូលទីខ្លួនឯងនាទីទី៨។ ចូលដល់នាទីទី៦៨ ស្វីសបានតាមស្មើវិញ ដោយប្រធានក្រុម Xherdan Shaqiri បន្ទាប់ពីមានការភ្លាត់ស្នៀតពីអេស្ប៉ាញ។ គួរឲ្យស្ដាយក្នុងនាទី៧៧ដែលស្វីសបាត់បង់កូនក្រុមម្នាក់ គឺ Remo Freuler ដោយទទួលបានកាតក្រហម។
ចំណែកអ៊ីតាលីឯណោះបានយកឈ្នះបែលហ្ស៊ិកដោយលទ្ធផល១ទល់នឹង២។ ខ្សែបម្រើ Nicolo Barella ទាត់បញ្ចូលទីពីការលើកបាល់ហ្វ្រីឃីកដោយ Marco Verratti ក្នុងនាទីទី១៣។ ដល់នាទី៤៤ Lorenzo Insigne ទាត់បញ្ចូលទីពីចម្ងាយយ៉ាងល្អ។
នាទី៤៥+២ Romelu Lukaku វាយបកបានមួយគ្រាប់ពីការទាត់១១ម៉ែត្រដែរ តែមិនគ្រប់គ្រាន់ឡើយ ដោយលទ្ធផល១ទល់នឹង២នេះបន្តដល់ចប់៩០នាទី។
នេះជាជ័យជម្នះលើកទី១៣ជាប់ៗគ្នា និងជាការមិនចាញ់សោះក្នុងចំណោម៣២ប្រកួត ហើយទើបរបូតែ២គ្រាប់ប៉ុណ្ណោះសម្រាប់អ៊ីតាលី។
ដូច្នេះ អេស្ប៉ាញត្រូវជួបអ៊ីតាលីនៅថ្ងៃទី០៦ ខែកក្កដា នាកីឡដ្ឋាន Wembley៕