គ្រូអេស្ប៉ាញសរសើរព័រទុយហ្គាល់មានកីឡាករល្អៗច្រើនជាងខ្លួន
លោក Luis Enrique គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញថ្លែងថា ក្រុមព័រទុយហ្គាល់មានកីឡាករល្អៗច្រើនជាងខ្លួន ជាពិសេសនៅ Premier League, La Liga និងលីគមួយចំនួនទៀត។ លោកសង្ឃឹមថា ទាំងក្រុមលោក និងព័រទុយហ្គាល់ នឹងធ្វើបានល្អនៅ FIFA World Cup 2022។
គ្រូបង្គោលក្រុមជើងឯក FIFA World Cup 2010 ថ្លែងបែបនេះមុនក្រុមទាំង២ប៉ះគ្នាក្នុងការប្រកួត UEFA Nations League នៅរាត្រីថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ នេះ ខណៈពួកគេក៏ស្ថិតក្នុងពូលដ៏ខ្លាំងនៅ World Cup។
ប្រកួតចុងក្រោយនៅ Nations League 2022 អេស្ប៉ាញចាញ់ស្វីស ១ទល់នឹង២ និងជាការចាញ់លើកដំបូងរបស់ក្រុមលោក Enrique ក្នុងរយៈពេល៤ឆ្នាំ។ ទន្ទឹមនឹងនេះ ព័រទុយហ្គាល់បានផ្ដួលឆេក ៤ទល់នឹង០។ អេស្ប៉ាញត្រូវការឈ្នះព័រទុយហ្គាល់ដើម្បីឡើងទៅវគ្គបន្ត Nations League 2022៕