Steven Gerrard គឺជាអ្នកចាត់ការថ្មីរបស់ក្រុម Aston Villa
(BC-99)
វីរបុរសរបស់ក្រុមហង្សក្រហម Liverpool Steven Gerrard ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងថ្មីរបស់ Aston Villa ជាផ្លូវការ ដោយទទួលបានសិទ្ធលក់កីឡាករនិងកញ្ចប់ទឹកប្រាក់ដើម្បីទិញកីឡាករថ្មីមកចូលរួមក្រុមរបស់លោកនៅខែមករានេះដែរ។
Gerrard បានបោះបង់អាជីពជាកីឡាករបាល់ទាត់នៅឆ្នាំ ២០១៦ ហើយទៅចាប់អាជីពជាអ្នកដឹកនាំក្លិបបាល់ទាត់វិញដោយបានទៅចូលរួមជាមួយក្លិប Glasgow Rangers ចំនួន៣រដូវកាលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ ហើយក៏បានជួយឱ្យក្លិបនេះឈ្នះពានរង្វាន់ Scottish Premiership លើកដំបូងនៅរដូវកាលមុនក្រោយពីពួកគេខកខានឈ្នះអស់រយៈពេលមួយទសវត្សរ៍មកហើយ ។
នៅក្នុងកិច្ចសម្ភាសន៍ Gerrard បាននិយាយថា “Aston Villa គឺជាក្លឹបមួយដែលមានប្រវត្តិ និងប្រពៃណីដ៏សម្បូរបែបនៅក្នុងវិស័យបាល់ទាត់អង់គ្លេស ហើយខ្ញុំមានមោទនភាពជាខ្លាំងដែលបានក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិប។ ខ្ញុំសូមជូនពរកីឡាករ ដល់បុគ្គលិក និងអ្នកគាំទ្រទាំងអស់ឲ្យទទួលបានជោគជ័យនាពេលអនាគត”។
Steven Gerrard បានយល់ព្រមចុះកិច្ចសន្យា២ឆ្នាំកន្លះជាមួយក្រុម Aston Villa ដែលទើបតែបណ្តេញលោក Dean Smith ជាគ្រូបង្វឹកចាស់ចេញពីមុខដំណែង។ Gerrard នឹងចរចារបន្ថែមដើម្បីនាំយកក្រុមការងាររបស់ខ្លួនពីក្លិប Rangers មកកាន់ទឹកដី Villa Park ផងដែរ។