ប្រេស៊ីលបានកៅអីទៅជុំផ្ដាច់ព្រ័ត្រ World Cup 2022
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលទទួលបានកៅអីទៅចូលរួមជុំចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតារហើយ ក្រោយឈ្នះកូឡុំប៊ី ១ទល់នឹង០ លើដីខ្លួនឯង។
ខ្សែប្រយុទ្ធ Lucas Paquetá ជាអ្នកទាត់បញ្ចូលទីក្នុងនាទី៧២។
ការប្រកួតនៅសល់៥លើកទៀតមុនចប់វគ្គជម្រុះប្រចាំទ្វីបអាមេរិកខាងត្បូងជាផ្លូវការ។ យ៉ាងណា ក្រុមរហស្សនាមសាំបាមានពិន្ទុគ្រប់គ្រាន់ទៅហើយ ដោយ១២ប្រកួតកន្លងទៅ ពួកគេរកបាន៣៤ពិន្ទុ និងមិនទាន់ចាញ់នៅឡើយទេ ស្មើតែមួយលើកប៉ុណ្ណោះ ច្រើនជាងក្រុមលេខ៥ កូឡុំប៊ី១៨ពិន្ទុ។
នេះជាការឡើងទៅជុំផ្ដាច់ព្រ័ត្រលើកទី២២ជាប់ៗគ្នាសម្រាប់ប្រេស៊ីលចាប់តាំងពី FIFA World Cup ត្រូវបានដំណើរការលើកដំបូងក្នុងឆ្នាំ១៩៣០ ហើយក៏ជាប្រទេសទី១ដែលមិនដែលខកខានម្ដងណាឡើយ៕