
មុនប៉ះក្រោនម្ដងទៀត គ្រូវិសាខា ប្រាប់កូនក្រុមបំំភ្លេចការឈឺចាប់នៅ Super Cup ចោល
លោក Simon McMenemy គ្រូបង្គោលវិសាខាថ្លែងថា នឹងប្រាប់កូនក្រុមត្រូវបំំភ្លេចការឈឺចាប់នៅ Super Cup ចោលមុនប៉ះភ្នំពេញក្រោនសាជាថ្មីក្នុងការប្រកួត Cambodian Premier League នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
គ្រូបង្វឹកជនជាតិស្កុតលែនថ្លែងបែបនេះ “៖ ការប្រកួតស្អែកនេះ ពិតណាស់គឺជាការប្រកួតមួយដ៏ធំ ដោយសារក្រុមធំៗពីរត្រូវជួបគ្នា ហើយបទពិសោធ ដែលយើងចាញ់ពួកគាត់ ក្នុងពាន Super Cup កន្លងមក គឺជាការឈឺចាប់មួយ ដោយសារយើងបាត់បង់ការប្រមូលអារម្មណ៍ប្រមាណ ៧-៨នាទីចុងក្រោយ និងរបូតគ្រាប់បាល់ប៉េណាល់ទី ។ ឥលូវខ្ញុំបានឲ្យក្រុមបំភ្លេចរឿងចាស់ចោល ហើយយើងនឹងប្រើបទពិសោធន៍ ដើម្បីលេងទល់ជាមួយពួកគាត់ ដែលជាក្រុមខ្លាំងមួយ និងដឹងពីរបៀបលេងដើម្បីឈ្នះ ។ អ៊ីចឹងថ្ងៃស្អែក យើងនឹងប្រើប្រាស់អ្វីដែលយើងមាន ប្រើចំណុចខ្លាំងដែលយើងមាន ដើម្បីលេងជាមួយពួកគាត់ ។ ការប្រកួតថ្ងៃស្អែកនេះ នឹងក្លាយជាការប្រកួតមួយដ៏លំបាក ប្រៀបដូចជាសមរភូមិមួយអញ្ចឹង។”
គួរដឹងដែរថា ភ្នំពេញក្រោនបានយកឈ្នះវិសាខាលើកពាន Super Cup 2023 មុនបើករដូវកាលថ្មី Premier League កន្លងទៅ។
ដោយឡែក ៤ប្រកួតនៅលីគកំពូលរដូវកាលនេះ ក្រុមទាំង២មាន៩ពិន្ទុដូចគ្នា៕