ក្រោយស៊ី Real ០-៤ Xavi ថា Barca នៅតែមានសង្ឃឹមប្រជែងជើងឯក La Liga
លោក Xavi Hernadez គ្រូបង្គោល FC Barcelona ទទូចថា ក្រុមរបស់លោកនៅតែមានក្ដីសង្ឃឹមក្នុងការប្រជែងជើងឯក La Liga បន្ទាប់ពីបានយកឈ្នះម្ចាស់ផ្ទះ Real Madrid ០ទល់នឹង៤ នៅថ្ងៃអាទិត្យ ទី២០ ខែមីនា។
ជ័យជម្នះនៅ Santiago Bernabeu បានបន្ថយគម្លាតរបស់ Barca ពី Real Madrid ត្រឹម១២ពិន្ទុ ឈរលេខ៣ តែក្រុមអ្នកមានបុណ្យលេងតិចជាង១ប្រកួត។
ក្នុងការប្រកួតតទល់ក្រុមកំពូលតារាងអធិរាជស Pierre-Emerick Aubameyang រកបាន២គ្រាប់ និង assist ឲ្យ Ferran Torres មួយគ្រាប់ បូកទាំង១គ្រាប់ពី Ronald Araujo។
Barcelona មិនទាន់ចាញ់នៅឡើយទេក្នុងចំណោម១២ប្រកួតចុងក្រោយ។ លោក Xavi និយាយថា “៖ខ្ញុំមិនច្បាស់ថាអាចឈ្នះជើងឯកបានឬអត់ទេ ប៉ុន្តែខ្ញុំក៏មិនបោះបង់ដែរ។ វាយឺតបន្តិច តែពិតជាជ័យជម្នះដ៏ធំធេង។ យើងលេងល្អជាង Real Madrid គ្រប់គ្រងបានច្រើនជាង យើងស្ទើរតែអាចរកបាន៥ទៅ៦គ្រាប់ទៀតផង។”
ចំណែកលោក Carlo Ancelotti គ្រូបង្គោល Real Madrid អះអាងថា បរាជ័យដ៏ធ្ងន់នេះ ជាកំហុសរបស់លោក ហើយទទូចក្រុមត្រូវបំភ្លេចវាចោល និងបន្តដំណើរទៅមុខទៀត៕