De Gea ក៏ហាត់សមទាត់១១ម៉ែត្រដូចកីឡាករអេស្ប៉ាញផ្សេងដែរមុនប៉ះក្រូអាត
កំណត់ត្រាទាត់១១ម៉ែត្រមិនល្អពីក្រុមជម្រើសជាតិអេស្ប៉ាញមួយរយៈចុងក្រោយនេះ ធ្វើឲ្យពួកគេ បូករួមទាំងអ្នកចាំទី David De Gea ផងនោះ រឹងរឹតតែហាត់ទាត់ថែមទៀត។ ជាក់ស្ដែងការទាត់៥លើកចុងក្រោយសម្រាប់អេស្ប៉ាញ មិនចូលទាំងអស់តែម្ដង។
គេចាំបានថា អ្នកចាំទី Manchester United រូបនេះក៏ទាត់មិនចូលពេលទាត់កាត់សេចក្ដីវគ្គផ្ដាច់ព្រ័ត្រ Europa League ចាញ់ Villareal។ គេ និងអ្នកចាំទី Unai Simon និង Robert Sanchez របស់ Brighton បានហាត់ទាត់រួមគ្នា។
ការទាត់ចុងក្រោយដោយ Alvaro Morata ត្រូវបានសង្គ្រោះដោយអ្នកចាំទីស្លូវ៉ាគី Martin Dubravka នៅប្រកួតចុងក្រោយវគ្គចែកពូល។ មុនការប្រកួតនោះ Gerard Moreno ក៏ទាត់បុកបង្គោលក្នុងការប្រកួតវគ្គចែកពូលលើកទី២ប៉ះប៉ូឡូញ។ Abel Ruiz ក៏ខូចបាល់ក្នុងការប្រកួតមិត្តភាព ហើយ Sergio Ramos ក៏ភ្លាត់២លើកជាប់គ្នា។
តាមពិត ជាទូទៅការទាត់១១ម៉ែត្រនេះត្រូវបានរ៉ាប់រងដោយ Sergio Ramos ប៉ុន្តែគ្រូបង្គោល Luis Enrique មិនបានកោះហៅអតីតប្រធានក្រុម Real Madrid រូបនេះទេ ហើយបានជ្រើសរើស Moreno, Morata, Sergio Busquets និង Koke ទទួលបន្ទុកវិញ។
ដោយឡែក ដោយសារតែរឿងទាត់ប៉េណាល់មិនចូល ហើយធ្វើមិនសូវបានល្អផងនោះ Morata បង្ហើបថា គេទទួលបានសារគំរាមយ៉ាងច្រើនពីអ្នកគាំទ្រអេស្ប៉ាញ៕