ទើបចូលលេងបាន២ប្រកួត Ramos ស្គាល់រសជាតិកាតក្រហមលើកដំបូងនៅ PSG
Sergio Ramos ទើបតែចូលលេងបាន២ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមថ្មី Paris Saint Germain ដោយបូកទាំងការប្រកួត Ligue 1 តទល់ Lorient នៅថ្ងៃពុធ ទី២២ ខែធ្នូ។ ប៉ុន្តែគេទទួលបានកាតក្រហមទៅហើយ។
ខ្សែការពារផ្ទេរពី Real Madrid ដោយឥតតម្លៃខ្លួនរូបនេះត្រូវបានប្ដូរចូលក្នុងវគ្គទី២ ក្នុងការប្រកួតដែលស្មើម្ចាស់ផ្ទះ Lorient ១ទល់នឹង១ ហើយគេមិនបានលេងដល់ចប់ទេ។
កីឡាករអេស្ប៉ាញបានកាតលឿងដំបូងក្នុងនាទី៨១ ដោយសារលើកជើងខ្ពស់ពេក ហើយ៤នាទីក្រោយមក គេបានកាតលឿងទី២ ស្មើនឹងកាតក្រហម បន្ទាប់ពីពាំងកីឡាកររបស់ Lorient ដែលកំពុងរត់សំដៅទី។ នេះជាកាតក្រហមទី២៧ក្នុងអាជីពរបស់ Ramos។
ក្នុងការប្រកួតនេះ Lorient បាននាំមុខមុន ដោយការទាត់ផុតដៃអ្នកចាំទី Keylor Navas ពីកីឡាករ Thomas Monconduit ក្នុងនាទី៤០។
ដល់នាទី៩០+១ទៅហើយទើប Mauro Icardi តាមស្មើឲ្យ PSG វិញ។
១៩ប្រកួតកន្លងមក PSG មាន៤៦ពិន្ទុស្ថិតនៅកំពូលតារាង ខណៈ Lorient នៅលេខ១៩មាន១៦ពិន្ទុ៕