Bale ហួសចិត្តរឿងអាជ្ញាកណ្ដាលឆែក V.A.R ក្នុងនាទី៩០+៤ទៅហើយ
ខ្សែប្រយុទ្ធជម្រើសជាតិវេលស៍ Gareth Bale បានបង្ហាញកាយវិការមិនសប្បាយចិត្តពេលអាជ្ញាកណ្ដាលផ្អាកការប្រកួតក្នុងនាទី៩០+៤ដើម្បីពិនិត្យគ្រាប់បាល់របស់ខ្សែប្រយុទ្ធដាណឺម៉ាក Martin Braithwaite។
នាពេលនោះ ការទាត់បញ្ចូលទីពីខ្សែប្រយុទ្ធ Barcelona ត្រូវបានអាជ្ញាកណ្ដាល Daniel Siebert គិតថា Off-side ប៉ុន្តែលោកបានផ្អាកការប្រកួតបន្តិច ដើម្បីពិភាក្សាជាមួយក្រុមមន្ត្រី V.A.R។ ខណៈលោក Siebert កំពុងឈរស្ដាប់ Bale បានទៅឈរក្បែរហើយនិយាយថា “ចង្រៃយក៍”។
តាមពិតទៅបាល់ហ្នឹង វេលស៍ចាញ់ដដែលទេក្នុងការប្រកួតវគ្គ១៦ក្រុម Euro នេះ ព្រោះដាណឺម៉ាកនាំមុខ៤ទល់នឹង០ទៅហើយបើគិតទាំងគ្រាប់បាល់ចុងក្រោយពី Braithwaite ប៉ុន្តែ Bale ហួសចិត្តរឿងឆែក V.A.R ទាំងការប្រកួតកៀកនឹងចប់សព្វគ្រប់ ព្រោះគិតថា គ្មានប្រយោជន៍។
ក្រុម V.A.R ក៏បានឆែកឃើញថា គ្រាប់បាល់របស់ Braithwaite ពិតជាចូលមែន មិន Off-side ទេ។ ដាណឺម៉ាកជាក្រុមទី១ដែលរកបាន៤គ្រាប់ ២ប្រកួតជាប់គ្នានៅ Euro។
បើតាមស្ថាប័ន Analyst ដាណឺម៉ាកស៊ុត៤៣ដងក្នុងការប្រកួត២លើកដំបូងតែរកបានត្រឹមមួយគ្រាប់។ អ្វីៗក៏ប្រែប្រួលនៅ២ប្រកួតចុងក្រោយ ដោយពួកគេរកបាន៨គ្រាប់ពីឱកាសស៊ុត៣២ដង។ ដូច្នេះដាណឺម៉ាកឡើងទៅកាន់វគ្គ៨ក្រុមជាបន្ត៕