កីឡាករ Man City ទាត់ឲ្យអាល្លឺម៉ង់ U21 យកពាន EURO U21
មួយគ្រាប់ពី Lukas Nmecha របស់ Manchester City ក្នុងនាទី៤៩ បានផ្ដល់ជ័យជម្នះ១ទល់នឹង០ដល់អាល្លឺម៉ង់លើព័រទុយហ្គាល់ ឈានទៅយកពាន UEFA Euro U21 ជាលើកទី៣។
Nmecha ដែលចំណាយពេលនៅរដូវកាល២០២០/២០២១នៅ Anderlecht បានទាត់ក្នុងប្រអប់ទី ក្រោយពីការបញ្ជូនយ៉ាងល្អដោយ Ridle Baku។
ដូច្នេះនេះក៏ជាបរាជ័យលើកទី៣ក្នុងវគ្គផ្ដាច់ព្រ័ត្រទាំង៣លើករបស់ព័រទុយហ្គាល់។
គួរដឹងដែរថា Lukas Nmecha មានកំណើតនៅក្រុង Hamburg ប្រទេសអាល្លឺម៉ង់ តែធំធាត់នៅអង់គ្លេស និងធ្លាប់លេងឲ្យអង់គ្លេសក្នុងក្រុម U21 មុនប្ដូរទៅអាល្លឺម៉ង់វិញ ក្នុងឆ្នាំ២០១៩។ គេធ្លាប់លេងនៅ Preston, Middlesbrough និង Wolfsburg។ កីឡាករវ័យ២២ឆ្នាំរូបនេះទាត់បញ្ចូលទី៤គ្រាប់ក្នុង EURO 21 ឆ្នាំនេះ និងទទួលបានស្បែកជើងមាស។
Nmecha ក៏ជាអ្នករកគ្រាប់ជ័យជម្នះឲ្យអង់គ្លេសលើកពាន EURO U19 កាលឆ្នាំ២០១៧ដែរ ដែលកាលណោះឈ្នះព័រទុយហ្គាល់ដូចគ្នា៕