នាយកប្រតិបត្តិ Juventus៖ ក្លឹបមិនឱ្យខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញពីទឹកដីអ៊ីតាលីដោយងាយស្រួលឡើយ
កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថាអាចនឹងសម្រេចចែកផ្លូវគ្នាជាមួយ Juventus នៅដំណាច់រដូវកាលនេះ បន្ទាប់ពីមិនអាចជួយឱ្យក្រុមរហស្សនាមសេះបង្កង់យកឈ្នះ Porto ដើម្បីឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាននៅពានរង្វាន់ UEFA Champions League រួមជាមួយនឹងលទ្ធផលមិនសូវល្អនៅក្នុងក្របខ័ណ្ឌ Serie A។
ប្រភពសារព័ត៌មានជាច្រើនបានចុះផ្សាយថា ភ្នាក់ងារ Jorge Mendes របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានធ្វើការទាក់ទងជាមួយប្រធានក្លឹប Florentino Perez ដើម្បីសិក្សាពីលទ្ធភាពក្នុងការវិញត្រឡប់ដើម្បីមកកាន់ Real Madrid សារជាថ្មីម្តងទៀត។
យ៉ាងណាក្តី នាយកប្រតិបត្តិ Juventus លោក Fabio Paratici បានចេញមុខមកនិយាយថា៖ “ក្លឹបមិនឱ្យខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញពីទឹកដីអ៊ីតាលីបានដោយងាយស្រួលឡើយ ព្រោះគេគឺជាកីឡាករល្អបំផុតនៅលើលោកនេះ។” ដោយឡែកគ្រូបង្វឹក Andrea Pirlo វិញក៏បានឆ្លើយតបជាមួយពាក្យចចាមអារ៉ាមខាងលើដូចគ្នាថា៖ “Cris នៅសល់កុងត្រាប៉ុន្មានឆ្នាំទៀតជាមួយ Juventus ហើយយើងពិតជារីករាយណាស់ដែលមានគេនៅជាមួយយើង។ គេតែងតែស្ថិតនៅក្នុងកម្រិតកំពូលរបស់ខ្លួន ហើយយើងគ្មានអ្វីដែលត្រូវគិតអំពីអនាគររបស់គេឡើយ។”
គួរឱ្យដឹងថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យបានសម្រេចការផ្លាស់ចេញពីទឹកដី Santiago Bernabeu មកកាន់ប្រទេសអ៉ីតាលីនៅឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន១០៥លានអឺរ៉ូយ៉ាងគួរឱ្យផ្ញាក់ផ្អើលនៅក្នុងពិភពបាល់ទាត់ ក្រោយពីជួយឱ្យ Real Madrid ឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបលើកទី១៣រួចមក។