Keisuke Honda បានព្រមព្រៀងបន្តកុងត្រាថ្មី ដឹកនាំជម្រើសជាតិកម្ពុជា ឆ្ពោះទៅ សុីហ្គេមឆ្នាំ២០២៣
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke Honda រួមជាមួយសហការីរបស់គាត់ បានព្រមព្រៀងបន្តកុងត្រាថ្មី ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ និងអាយុក្រោម ២៣ឆ្នាំ ឆ្ពោះទៅ សុីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វេីជាម្ចាស់ផ្ទះ។
លោក Keisuke Honda ត្រូវសហព័ន្ធបាល់ទាត់កម្ពុជាតែងតាំងជាអ្នកចាត់ការទូទៅក្រុមគោព្រៃ កាលពីឆ្នាំ ២០១៨ ។
អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ បានដឹកនាំក្រុមគោព្រៃកម្ពុជា លេង ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (FIFA World Cup Qatar 2022) និងការប្រកួតមិត្តភាពអន្តរជាតិផ្សេងៗ ដោយទទួលបានលទ្ធផលល្អ ។
ក្រោមការដឹកនាំរបស់លោក Honda រួមជាមួយគ្រូបង្វឹកលោក Felix G.Dalmas ក្រុមជម្រើសជាតិកម្ពុជា មានការវិវត្តន៍ និងរីកចម្រើនប្លែក ពិសេសការផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេងជាច្រើន បានចូលរួម និងបង្ហាញសមត្ថភាព រហូតបង្ហាញនូវទម្រង់លេងមួយ ដែលត្រូវបានមហាជន និងបណ្ដាប្រទេសមួយចំនួន ទទួលស្គាល់ជាទម្រង់ផ្ទាល់របស់កម្ពុជា។
អ្វីដែលអស្ចារ្យគឺដឹកនាំជម្រើសជាតិ U-22 កម្ពុជាឡើងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ជាប្រវត្តិសាស្ត្រ នៅព្រឹត្តិការណ៍ស៊ីហ្គេម ២០១៩ នៅប្រទេស ហ្វីលីពីន ដោយទទួលបានលេខ ៤ ៕