ចាញ់សន្លប់ទឹក២មែន តែ McGregor បានលុយច្រើនជាងអ្នកឈ្នះជិត៣០ដង
អ្នកវាយគុនចម្រុះ Conor McGregor បានប្រកួតចាញ់ Dustin Poirer ក្នុងទឹកទី២ នៅថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ នេះលើទឹកដីអារ៉ាប់រួម។
យោងតាមសារព័ត៌មាន the Sun អ្នកប្រយុទ្ធជនជាតិអៀរឡង់ McGregor ទទួលបានប្រាក់ចំណូលពីការប្រកួតនេះដល់ទៅជិត៣០លានដុល្លារអាមេរិកឯណោះ។ តម្លៃខ្លួនរបស់គេ គឺ២៤លានដុល្លារអាមេរិក តែក៏នៅមានលុយទ្រនាប់ដៃ ជាថ្នូរការឡើងទៅប្រកួតចំនួន៥លានដុល្លារអាមេរិកថែមទៀត។
ក្នុងប្រកួតនេះ សរុបទៅ McGregor ឈរជើងបានតែ៧នាទីនិង៣០វិនាទីប៉ុណ្ណោះ ពោលបូកទាំងទឹកទីមួយ មុនដល់ Dustin Poirer វាយសន្លប់ក្នុងទឹកទី២។
បើនិយាយពីតម្លៃខ្លួនរបស់ Poirer វិញ បានតែ១លានដុល្លារអាមេរិកប៉ុណ្ណោះ។ បើតាម the Sun ១លានដុល្លារអាមេរិកនេះគឺជាតម្លៃខ្លួនថ្លៃបំផុតសម្រាប់កីឡាករអាមេរិកកាំង Dustin ក្នុងអាជីពក្នុងទ្រុង១០ឆ្នាំកន្លងមកនេះ។
ដោយឡែកនេះមិនមែនជាលើកទី១ទេដែល McGregor បានដល់ជិត៣០លានដុល្លារអាមេរិក ពោលគេធ្លាប់បានវាយឈ្នះ Donald Cerrone ជនជាតិអាមេរិកាំងម្នាក់ទៀត កាលខែមករា ឆ្នាំ២០២០។ កាលណោះការប្រកួតបានតែ៤០វិនាទីប៉ុណ្ណោះ៕