ហង្សក្រហមនៅតែមិនអាចបំបែកកំណត់ត្រា១០០ឆ្នាំនៅ FA Cup ពេលប៉ះបិសាចក្រហម
(BC-99)
វាពិតជារឿងមួយដែលមិនគួរឱ្យជឿនុះទេនៅពេលដែល ហង្សក្រហម Liverpool បានធ្លាក់ចេញពីការប្រកួតប្រជែងពានរង្វាន់ FA Cup ត្រឹមជុំទី៤ដោយសារក្រុម បិសាចក្រហម Manchester United នៅទឹកដី Old Trafford ដែលនេះគឺជាកំណត់ត្រាគួរឱ្យកត់សម្គាល់ក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ។
ក្រោយពីទទួលបានលទ្ធផល ០-០ នៅទឹកដី Anfield នាជំនួបប្រកួត Premier League សប្តាហ៍ទី១៩កន្លងទៅនេះក្រុម បិសាចក្រហម Man Utd និងហង្សក្រហម Liverpool បានមកជួបប្រកួតគ្នាម្តងទៀតនៅក្របខណ្ឌ FA Cup ជុំទី៤នៅទឹកដី Old Trafford កាលពីយប់ម៉ិញនេះវិញម្តង។
ជំនួបដ៏កក្រើករវាងក្រុមទាំងពីរនេះត្រូវបាន Mohamad Salah ជាអ្នកបំបែកភាពស្ងប់ស្ងាត់បានមុននៅនាទីទី១៨នៃតង់ទី១។ ក៏ប៉ុន្តែតាមរយៈការបញ្ចេញថ្វីជើងបានយ៉ាងល្អរបស់ Greenwood ទើប Man Utd តាមបានស្មើមកវិញ ១-១ នៅតង់ទី១។
ចូលដល់តង់ទី២ Rashford ជាអ្នកនាំគ្រាប់បាល់ឱ្យ Man Utd នាំមុខវិញម្តងនៅនាទីទី៤៨ ក៏ប៉ុន្តែត្រូវបាន Salah ជួយឱ្យ Liverpool តាមយកស្មើមកវិញនៅ១០នាទីបន្ទាប់។ Bruno Fernandes គឺជាកីឡាករដែលធ្វើឱ្យ Liverpool មិនអាចបំបែកកំណត់ត្រារយៈពេល១០០ឆ្នាំបានក្រោយពីខ្សែបម្រើរូបនេះបានទាត់បាល់ ហ្វ្រីឃិក បញ្ចូលទីបានសម្រេចនៅនាទីទី៧៨និងនាំជ័យជម្នះ ៣-២ ឱ្យក្រុម Manchester United ឡើងទៅវគ្គទី៥ជាបន្តនៃការប្រកួតប្រជែងពានរង្វាន់មយយនេះ។
សូមបញ្ជាក់ដែរថា Liverpool បានឈ្នះការប្រកួតលើទឹកដី Old Trafford តែម្តងគត់សម្រាប់ការប្រកួតក្នុងក្របខណ្ឌពានរង្វាន់ FA Cup នេះនៅឆ្នាំ ១៩២១ បើគិតមកដល់ពេលនេះវាមានរយៈពេល១០០ឆ្នាំគត់ដែល ហង្សក្រហម នៅមិនទាន់បំបែកកំណត់ត្រានេះបាន។