លក្ខន្តិកៈមួយចំនួននៃការប្រកួតវ៉ូវីណាមជើងឯកថ្នាក់ជាតិ ២០២២
សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅអគារដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៧ ដល់ ១៩ កញ្ញា ២០២២។
ការប្រកួត មានចំនួន ១៨ វិញ្ញាសាដែលមាន មេគុនឯកត្តជនពេញវ័យ មាន ៩ ប្រភេទ ដោយនារី មាន ៤ ប្រភេទ បុរសមាន ៥ ប្រភេទ ។ វិញ្ញាសាមេគុន អាយុក្រោម ១៦ ឆ្នាំ មានតែ ២ ប្រភេទប៉ុណ្ណោះ សម្រាប់នារី និងបុរស។
វិញ្ញាសាប្រយុទ្ធ មាន ៧ វិញ្ញាសា ដោយនារី មាន ៣ វិញ្ញាសា សម្រាប់ប្រភេទអាយុ ១៤ ឆ្នាំគឺ ប្រភេទទម្ងន់ ៥១ ដល់ ៥៥ គីឡូក្រាម ទម្ងន់ ៥៥ ដល់ ៦០ គីឡូក្រាម និងទម្ងន់ ៥១ ដល់ ៦០ គីឡូក្រាម ។ ប្រយុទ្ធបុរសមាន ៤ ប្រភេទទម្ងន់គឺ ៥១ ដល់ ៥៥ គីឡូក្រាម ៦០ ដល់ ៦៤ គីឡូក្រាម ៦៤ដល់ ៦៨ គីឡូក្រាម និង ៥១ ដល់ ៦៨ គីឡូក្រាម ។
សមាគម ឬ ក្លិប មានសិទ្ធិចុះឈ្មោះកីឡាករ កីឡាការិនី បានតែ១រូប ឬ ១ក្រុម ក្នុងមួយវិញ្ញាសា ព្រមទាំងមានអាយុ ចាប់ពី ១៣ ដល់ ៣៥ ឆ្នាំ ជាមួយគ្នានោះ ក្នុងម្នាក់ ចូលរួមប្រកួតបានតែ ២ វិញ្ញាសា ហើយមួយសមាគម ឬ ក្លិប អនុញ្ញាតឲ្យចូលរួមប្រកួត បានតែ ៨ រូបប៉ុណ្ណោះ ។
មានតែវិញ្ញាសាប្រយុទ្ធតែមួយគត់ ត្រូវបានកំណត់ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ស្ទួន សម្រាប់វិញ្ញាសាដទៃទៀត គ្មានចំណាត់ថ្នាក់លេខ៣ ស្ទួននោះទេ មានតែ លេខ៣ ម្នាក់គត់ ៕