ឈិន ឆៃនុត នៅតែមិនទាន់ជោគជ័យក្រោយក្លិប គិរីវង់សុខសែនជ័យ មិនបន្តកុងត្រា
ក្រោយមករួមរស់ជាមួយក្លិប គិរីវង់សុខសែនជ័យ នាជុំទី២ រដូវកាល២០២០ ឈិន ឆៃនុត មិនសូវបានបង្ហាញខ្លួនឡើយ ក្រោយចាកចេញពី ភ្នំពេញក្រោន កាលពីដើមឆ្នាំ មកចូលរួមនិង កងយោធពលខេមរៈភូមិន្ទ ជុំទី១ រដូវកាល២០២០ កន្លងទៅ។
ឈិន ឆៃនុត ត្រូវបានក្លិបបាល់ទាត់ភ្នំពេញក្រោននាំយកពីក្លិប ព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ ២០១៨ ប៉ុន្តែដោយសារការបង្ហាញខ្លួនរបស់គេមិនសូវបានញឹកញាប់ ក៏ត្រូវបានក្លិបអោយទៅ កងយោធពលខេមរៈភូមិន្ទ ( Tiffy Army ) ខ្ចីក្នុងការប្រកួតលីគជុំទី១ រដូវកាល ២០២០ ប៉ុន្តែការផ្លាស់មកក្លិបទ័ពរូបគេក៏មិនអាចជំនួសកន្លែងអ្នកចាំទី អ៊ុំ សេរីរ័ត្ន និង ពេជ្រ តារា បានដែរ ទើបជុំទី២ បានផ្លាស់មកកាន់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ខ្ចីបន្តទៀតរហូតចប់រដូវកាលតែម្តង ។
សូមបញ្ជាក់ផងដែរថា គិរីវង់សុខសែនជ័យ ក៏បានប្រកាសចែកផ្លូវគ្នាជាមួយអ្នកចាំទី គង់ រ៉ាហ្វាត់ ផងដែរ កាលពីថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា កន្លងទៅ ក្រោយរួមរស់ជាមួយគ្នាបានមួយរដូវកាល ខណៈពេលនេះបន្តបែកគ្នាជាមួយ ឈិន ឆៃនុត ម្នាក់ទៀត ដែលសុទ្ធតែជាអ្នកចាំទី៕