
គង់ រ៉ាហ្វ៉ាត់ ប្រាប់មូលហេតុចាកចេញពីគិរីវង់
ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យបានប្រកាសចែកផ្លូវគ្នាជាមួយអ្នកចាំទី គង់ រ៉ាហ្វាត់ នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ក្រោយរួមរស់ជាមួយគ្នាបានមួយរដូវកាល។
នៅថ្ងៃដដែល ពោលក្រោយមានសេចក្ដីប្រកាសខាងលើ អ្នកចាំទីវ័យក្មេងរូបនេះបានបញ្ជាក់លើគណនី Facebook ផ្ទាល់ខ្លួនថា ការចាកចេញមិនមែនដោយសារបញ្ហាអ្វីមួយឡើយ តែព្រោះរូបគេបានយល់ព្រមចូលរួមជាមួយក្លិបថ្មីផ្សេងទៀត។
រ៉ាហ្វាត់សរសេរបែបនេះ “៖មេីលទៅមុខដេីម្បី អភិវឌ្ឍខ្លួនបន្តទៀត អរគុណក្រុមគ្រួសារគីរីវង់សុខសែនជ័យ សម្រាប់រយៈពេលមួយឆ្នាំ កន្លងមក️ជួបគ្នាឆាប់ៗនេះជាមួយ ក្រុមថ្មី រដូវកាលថ្មី បទពិសោធថ្មី ជាមួយនិងក្តីស្រមៃមួយដែលថ្មី ️(សូមបញ្ជាក់ : សម្រាប់ការបញ្ចប់កុងត្រានេះ ព្រោះខ្ញុំបាន សម្រេចចិត្តផ្លាស់ប្ដូរមកកាន់ក្លឹបថ្មី ដោយមានការព្រមព្រៀងគ្នារវាងខ្ញុំ ក៏ដួចជា ក្លឹប គីរីវង់សុខសែនជ័យ ក៏បានព្រមព្រៀងដួចគ្នាផងដែរ )#សូមអរគុណ️ see you soon ️។”
គួរដឹងដែរថា គង់ រ៉ាហ្វាត់ បានចាប់ផ្ដើមហ្វឹកហាត់បាល់ទាត់លក្ខណៈអាជីពនៅក្រុមថ្នាលភ្នំពេញក្រោនពីចន្លោះឆ្នាំ២០១៣ដល់២០១៤ មុនទៅចូលរួមជាមួយសាលាបាល់ទាត់បាទី។ ដល់ឆ្នាំ២០១៧ គេបានផ្លាស់ទៅអគ្គិសនីកម្ពុជា បានមួយរដូវកាល ហើយក៏ផ្ទេរទៅគូប្រជែងរួមលីគ សូលទីឡូអង្គរនៅរដូវកាល២០១៨។
ដោយឡែក កីឡាករវ័យ២០ឆ្នាំដែលធ្លាប់ជាប់ជម្រើសជាតិ U16 រូបនេះបានរួមចំណែកយ៉ាងច្រើននៅគិរីវង់សុខសែនជ័យរដូវកាល២០២០ ខណៈក្រុមមានមូលដ្ឋាននៅខេត្តតាកែវមួយនេះបញ្ចប់នៅចំណាត់ថ្នាក់លេខ៨នៅក្របខណ្ឌកំពូល និងឡើងដល់វគ្គ៨ក្រុមចុងក្រោយពានសម្ដេចតេជោ ហ៊ុន សែន៕
រូបភាព ៖ CNCC