ស៊ីក្រុមលីគទី២ត្រឹម១-០ គ្រូ Chelsea ថា កូនក្រុមលេងមិនសូវប្រឹង
អ្នកចាត់ការ Chelsea លោក Thomas Tuchel និយាយថា កូនក្រុមរបស់លោកមិនបានបង្ហាញការប្រឹងប្រែងគ្រប់គ្រាន់ឡើយក្នុងជ័យជម្នះលើ Barnsley ប្រកួត FA Cup វគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
Tammy Abraham រកបានមួយគ្រាប់ក្នុងជ័យជម្នះ០ទល់នឹង១ ហើយក្រុមតោខៀវមានបាល់ចំពោះគោលដៅតែមួយលើកប៉ុណ្ណោះ។
លោក Thomas Tuchel ថ្លែងបែបនេះ “៖យើងទាត់ចូលគេមែន តែមើលទៅដូចលេងបណ្ដោយៗគេដែរ។ លេងប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេសម្រាប់យើង។ តាមពិតទៅយើងអាចលេងល្អជាងនេះ។”
Barnsley ប្រឹងប្រែងយ៉ាងខ្លាំង និងលេងបានល្អជាង Chelseaក្នុងវគ្គទីមួយ ប៉ុន្តែ Kepa Arrizabalaga សង្គ្រោះបាននូវឱកាសរបស់ Callum Brittain។
ក្រុមម្ចាស់ផ្ទះអះអាងថា គ្រាប់បាល់របស់ Abraham ជាបាល់ off-side តែមើលទៅគ្រាន់តែជាការលួច off-side ប៉ុណ្ណោះ។
គិតមកទល់ពេលនេះ Chelsea មិនទាន់ចាញ់ទេក្នុង៥ប្រកួតដឹកនាំដោយលោក Thomas Tuchel តាំងពីខែមករា មក។ ក្នុងវគ្គ៨ក្រុមចុងក្រោយ ពួកគេនឹងជួប Sheffield United នៅថ្ងៃទី២០ ឬ២១ ខែមីនា៕