លោក Gennaro Gattuso កំពុងពិចារណាលាឈប់ពីមុខតំណែង Napoli
(BC-99)
បន្ទាប់ពីដឹកនាំក្រុម Napoli បន្តពីលោក Carlo Ancelotti បានតែ ៣៥ ថ្ងៃស្រាប់តែលោក Gennaro Gattuso កំពុងពិចារណាលាឈប់ពីមុខតំណែងនេះប្រសិនបើលោកមិនអាចជួយអោយ Napoli ប្រកួតឈ្នះក្រុម Juventus នៅរាត្រីថ្ងៃអាទិត្យទី ២៦ មករា ខាងមុខបានទេនោះ។
Napoli បានរងបរាជ័យចំនួន ៤ ប្រកួតក្នុងចំណោម ៥ ប្រកួតរបស់ពួកគេចាប់តាំងពីលោក Gattuso ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្លិបជំនួសតំណែងរបស់លោក Carlo Ancelotti។ ហើយនេះគឺជាអ្វីដែលអតីតកីឡាករ AC Milan រូបនេះបានយល់ថាខ្លួនកំពុងតែរងសំពាធបើទោះជាម្ចាស់ក្លិបលោក Aurelio de Laurentiis មិនមានចេតនាចង់បណ្តេញលោកក៏ដោយចុះ។
បន្ទាប់ពី Napoli បានចាញ់ក្រុម Fiorentina ២-០ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះលោក Gattuso បានដឹងខ្លួនរួចជាស្រេចហើយថាលោកមិនអាចកាន់កាប់តំណែងមួយនេះបានយូរអង្វែងឡើយ ហើយលោកក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីដើរចេញពីក្លឹបមួយនេះក្រោយពីបានបំពេញភារកិច្ចបានត្រឹមតែ ៣៥ ថ្ងៃប៉ុណ្ណោះ។
លោក Gattuso ខ្លួនឯងក៏បាននិយាយប្រាប់អ្នកជិតស្និទរបស់ខ្លួនផងដែរថា ជំនួបរវាង Napoli-Juventus នៅសប្តាហ៍ក្រោយគឺជាការកាត់ក្តីអំពីអនាគតរបស់លោកថានៅជាបន្តឬក៏ត្រូវចាកចេញពីក្រុមដែលកំពុងតែមានបញ្ហាមួយនេះ។
គួរបញ្ជាក់អោយដឹងដែរថា Gennaro Gattuso ក្រោយពីបានលាលែងពីអាជីពកីឡាករបាល់ទាត់នៅឆ្នាំ២០១៣ លោកក៏បានប្រឡូកខ្លួនក្នុងនាមជាអ្នកចាត់ការទូរទៅរបស់ក្លិបបាល់ទាត់មួយចំនួននៅអ៊ីតាលីដែលមានដូចជាធ្វើជាអ្នកចាត់ការផងនិងជាកីឡាករផងរបស់ក្លិប Sion, Palermo, OFI Crete, Pisa, AC Milan និង Napoli នាពេលបច្ចុប្បន្ននេះ។