ធារីផ្ញើសាជូនពរ Perak ក្រោយបញ្ចប់កិច្ចសន្យាជាមួយក្លិបម៉ាឡេស៊ីនេះ
ប៊ិន ចន្ថាធារី បានបង្ហោះសារជូនពីរដល់សមាជិកក្លិប Perak FA ទាំងអស់នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ក្រោយសម្រេចចិត្តចែកផ្លូវជាមួយក្លិបនៃក្របខណ្ឌកំពូលម៉ាឡេស៊ីមួយនេះ។
កីឡាករកូនខ្មែរកើតនៅបារាំងខាងលើបានបដិសេធមិនបន្តកិច្ចសន្យាថ្មីនៅក្លិបមានមូលដ្ឋាននារដ្ឋ Perak ដោយសង្កត់ធ្ងន់ថា គេចង់ស្វែងរកឱកាសកាន់តែប្រសើរ។
ខ្សែបម្រើវ័យ២៩ឆ្នាំបានបង្ហាញខ្លួន១០លើក ហើយទាត់បញ្ចូលទីមួយគ្រាប់ និងបញ្ជូនមួយលើកសម្រាប់ក្លិបដែលគេបានចូលរួមនៅរដូវកាល២០២០។
បុរសមានឱពុកម្ដាយជនជាតិខ្មែរ តែកើតនៅបារាំងបង្ហើបថា មិនទាន់គិតពីទ្រនំថ្មីទេ ព្រោះចង់ចំណាយពេលជាមួយគ្រួសារមួយរយៈសិន។ សម្រាប់ក្លិបថ្មីនៅទីណា ឬប្រទេសណានោះ ធារី ថាមិនគិតគូរខ្លាំងឡើយ សំខានឲ្យតែគេអាចទទួលបានឱកាសល្អ។
គួរដឹងដែរថា Perak FA គឺជាក្លិបទីពីរនៅក្របខណ្ឌ Malaysian Super League ដែលធារីបានចូលរួម ក្រោយចំណាយពេលពីររដូវកាលនៅ Terengganu FA ពីឆ្នាំ២០១៨ដល់២០១៩។ ក្រៅពីម៉ាឡេស៊ី អតីតខ្សែបម្រើភ្នំពេញក្រោនក៏ធ្លាប់ចំណាយពេលមួយរយៈនៅ Krabi FC នៃក្របខណ្ឌ Thai League 2 កាលឆ្នាំ២០១៧ និង Sukhothai FC ក្របខណ្ឌកំពូលថៃ ខែធ្នូ ឆ្នាំ២០១៩៕