CR7 រងរបួសកជើង
Cristiano Ronaldo មិនបានលេងពេញ៩០នាទីទេក្នុងជំនួបស្មើគ្នា១ទល់នឹង១ជាមួយ Lazio ក្របខណ្ឌ Serie A នៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា។
លោក Andrea Pirlo អ្នកចាត់ការ Juventus ថ្លែងក្នុងសន្និសីទក្រោយការប្រកួតនៅ Olimpico ថា កីឡាករជម្រើសជាតិព័រទុយហ្គាល់មានរបួសកជើង។ យ៉ាងណាគ្រូបង្វឹកជនជាតិអ៊ីតាលីមិនបានបញ្ជាក់ពីកម្រិតរបួសនេះទេ។
“Ronaldo ជាកីឡាករសំខាន់មិនមែនតែ Juventus មួយទេ តែគ្រប់ក្រុមដែលគេលេង។ ជាអកុសលគេមានរបួស ហើយត្រូវតែប្ដូរចេញ”។ នេះជាការសង្កត់បញ្ជាក់ពីលោក Pirlo។
អតីតកីឡាករ Manchester United និង Real Madrid ទំនងអវត្តមានពីរប្រកួតសម្រាប់ព័រទុយហ្គាល់ក្នុងជំនួប UEFA Nations League វគ្គចែកពូលតទល់អង់ដូរ៉ានៅថ្ងៃទី១២ វិច្ឆិកា និងបារាំង ថ្ងៃទី១៥ វិច្ឆិកា។
គេរកបានគ្រាប់បាល់នាំមុខសម្រាប់ក្រុមសេះបង្កង់ តែត្រូវបានប្ដូរចេញនៅនាទី៧៦ មុន Lazio តាមស្មើនៅនាទី៩០+៥។
លោក Pirlo មិនបានបន្ទោសកូនក្រុមទេ តែព្រមានពីការរបូតឱកាសការពារតំណែងជើងឯកប្រសិនបើលេងមិនបានល្អ។ Juventus ត្រូវប៉ះ Cagliari នៅថ្ងៃទី២២ ខែវិច្ឆិកា៕