Eto’o ជួបគ្រោះថ្នាក់ចរាចរណ៍នៅកាមេរូន
អតីតខ្សែប្រយុទ្ធឆ្នើម Samuel Eto’o បានជួបគ្រោះថ្នាក់ចរាចរណ៍នៅភាគខាងត្បូងប្រទេសកាមេរូន កាលថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ដោយរថយន្ដរបស់គេបានប៉ះទង្គិចគ្នាជាមួយរថយន្ដដឹកអ្នកដំណើរ។
របាយការណ៍ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងក្រោយអតីតខ្សែប្រយុទ្ធ Barcelona និង Inter Milan វិលត្រលប់ពីចូលរួមពិធីជប់លៀងមង្គលការ ហើយក៏ត្រូវបានបុកដោយរថយន្ដក្រុងសាធារណៈនៅព្រឹកថ្ងៃដដែលនោះ។
រថយន្ដត្រូវបានខ្ទេចយ៉ាងដំណំ ហើយបុរសវ័យ៣៩ឆ្នាំខាងលើត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោមការយកចិត្តទុកដាក់ពីវេជ្ជបណ្ឌិត តែមិនមានរបួសអ្វីធំដុំឡើយ។
Eto’o បានចូលនិវត្តន៍ពីបាល់ទាត់នៅឆ្នាំ២០១៩។ ក្នុងរយៈពេល២២ឆ្នាំនៃការប្រកបអាជីពលើវាលស្មៅ គេឈ្នះ La Liga ៣ដង, UEFA Champions League ពីរដង, Copa del Rey មួយដង, Spanish Super Cup ពីរដងនៅ FC Barcelona ហើយឆ្នាំ២០១០ រួមចំណែកឈ្នះពាន៣ក្នុងមួយរដូវកាលនៅ Inter Milan គឺ Serie A, Coppa Italia និង UCL។ ក្រោយចេញពី Inter អតីតសមាជិកក្លិប Real Madrid និង Mallorca បន្តទៅលេងឲ្យ Anzhi Makhachkala, Chelsea, Everton, Sampdoria, Antalyaspor, Konyaspor មុនបិទអាជីពនៅ Qatar SC៕