តាំង សុភ័ក្រ្ត ប្រើពេល ២០ នាទីជួយក្រុមបន្តកំណត់ត្រាឈ្នះ គិរីវង់សុខសែនជ័យ
ក្រុមបាល់ទាត់ អង្គរថាយហ្គឺរ បានយកឈ្នះ គិរីវង់សុខសែនជ័យ ដោយលទ្ធផល ២ទល់០ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា សប្តាហ៍ទី៣ ខណៈដែលខ្សែប្រយុទ្ធ តាំង សុភ័ក្រ្ត រកបាន ២គ្រាប់ម្នាក់ឯងបន្ទាប់ពីប្តូចូលនៅនាទីទី ៧១’ ។
នៅក្នុងការប្រកួតដ៏តានតឹងនាកីឡដ្ឋាន SRU នេះ នាវគ្គទី១ មិនមានក្រុមណាអាចរកបានគ្រាប់បាល់ឡើយ ស្រាប់តែដល់វគ្គទី២ គ្រូបង្វឹកក្រុមម្ចាស់ផ្ទះលោក Oriol Segura បានផ្លាស់ដូរយុទ្ធសាស្ត្រផ្លាស់ប្តូកីឡាករ តាំង សុភ័ក្ត្រ ចូលនៅនាទី ៧១’ ខណៈដែលខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានបំប៉ោងសំណាញ់ទី គិរីវង់សុខសែនជ័យ នៅនាទី ៧៥’ នឹង ១០ នាទីក្រោមមកពោលក៏បានរកគ្រាប់បាល់ទី ២ ជូនក្រុម ធ្វើឲ្យក្រុម អង្គរថាយហ្គឺរ បន្តកំណត់ត្រាឈ្នះជាលើកទី៥ ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្តាហ៍ទី៣ នៃលីគកំពូលកម្ពុជារដូវកាល២០២០នេះ អង្គរថាយហ្គឺរ មិនទាន់ស្គាល់ចាញ់នៅឡើយ ដោយឈ្នះ ២លើក នឹងស្មើ ១លើក កំពុងឈរនៅលេខ៣ ស្របពេលដែល គិរីវង់សុខសែនជ័យ បន្តបរាជ័យជាលើកទី ៣ កំពុងឈរជាប់ជាមួយក្រុមបាតតារង៕